(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកានោះទេ ដោយច្រានចោលការរកឃើញរបស់សហរដ្ឋអាមេរិកដែលថា ទីក្រុងមូស្គូបានរៀបចំយុទ្ធនាការ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦ និង ២០២០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងការថ្លែងសុន្ទរកថាទៅកាន់និស្សិត ស្តីអំពីគំរូនៃប្រទេសរុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយដោយពេលខ្លះបានរអិលមាត់ទៅប្រើភាសាអង់គ្លេស យ៉ាងដូច្នេះថា «យើងមិនដែលជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកទេ»

លោកបានបន្ថែមថា «ហើយលើកនេះ យើងក៏មិនមានបំណងជ្រៀតជ្រែកដែរ... យើងមិនកំណត់ពីរបៀបរស់នៅរបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែយើងក៏មិនចង់ឱ្យអ្នកដ៏ទៃមកបញ្ជាយើងដែរ»។ ក្នុងន័យនេះ លោកទំនងចង់មានន័៧ថា រុស្ស៉ីមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ប្រទេសដទៃ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសដទៃជ្រៀតជ្រែក ក្នុងការបោះឆ្នោតរបស់ខ្លួនដែរ។

គួរជម្រាបថា របាយការណ៍ឆ្នាំ ២០១៩ របស់ទីប្រឹក្សាពិសេសរបស់សហរដ្ឋអាមេរិក លោក Robert S. Mueller បានរកឃើញថា ប្រទេសរុស្ស៊ី «បានប្រព្រឹត្តនូវការជ្រៀតជ្រែកយ៉ាងទូលំទូលាយ និងជាប្រព័ន្ធនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦» ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា រុស្ស៊ីក៏បានជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែរ។

ទន្ទឹមនឹងនេះ ការវាយតម្លៃស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីឆ្នាំមុនបានរកឃើញថា ទីក្រុងមូស្គូកំពុងប្រើប្រាស់ចារកម្ម ប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដើម្បីបំផ្លាញទំនុកចិត្តសាធារណៈចំពោះសុចរិតភាពនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅជុំវិញពិភពលោក៕

រូបភាពពី Reuters