(ប៉េកាំង)៖ របាយការណ៍ស្ដីពីគោលដៅនៃគោលនយោបាយប្រចាំឆ្នាំដ៏ធំរបស់ចិន បានបង្ហាញថាទីក្រុងប៉េកាំង អាចនឹងប្រជែងជាមួយសហរដ្ឋអាមេរិកយ៉ាងប្រុងប្រយ័ត្ន ដើម្បី បញ្ចៀសជម្លោះ ឬភាពតានតឹង ខណៈសេដ្ឋកិច្ចរបស់ចិនកំពុងមានបញ្ហា ទោះបីជាមហិច្ឆតារបស់ទីក្រុងប៉េកាំងលើការបង្កើនការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងការបង្កើនកញ្ចប់ ថវិកាយោធាផ្ដល់សញ្ញាថាភាពតានតឹងរវាងមហាអំណាចទាំង២ នឹងមិនរលាយបាត់ទៅណាក៏ដោយ។

គោលដៅគោលនយោបាយរបស់ចិនដែលត្រូវបានបញ្ចេញក្នុងរបាយការណ៍ការងារប្រចាំឆ្នាំកាលពីថ្ងៃអង្គារ ទី៥ ខែមីនា មានរាប់ចាប់ពីការទប់ទល់ជាមួយសហរដ្ឋអាមេរិក ដែលកំពុង ប្រឹងប្រែងទប់ស្កាត់ភាពជឿនលឿនទៅមុខខាងបច្ចេកវិទ្យារបស់ចិន រហូតដល់ការបង្កើនកញ្ចប់ថវិកាយោធា ហើយទាំងនេះបង្ហាញពីការប្រកួតប្រជែងដែលបាន និងកំពុងដំណើរការ រវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែ តម្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការនៅតែមានដដែល ដូចដែលនាយករដ្ឋមន្ត្រីចិន លោក Li Qiang សង្កត់ធ្ងន់ថាក្រុមមន្ត្រីចិននឹងធានាឱ្យបាន នូវស្ថិរភាពពាណិជ្ជកម្ម និងការវិយោគពីបរទេស។ «យើងអាចរំពឹងថាទីក្រុងប៉េកាំង នឹងរក្សាទំនាក់ទំនងមិនមែនជាគូសត្រូវនឹងគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន យ៉ាងហោចណាស់ ក្នុងពេល បច្ចុប្បន្ន ដោយសារតែសេដ្ឋកិច្ចចិនកំពុងជួបបញ្ហាប្រឈម»។ នេះជាការយល់ឃើញរបស់លោក James Char ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ មកពីសាកលវិទ្យាល័យ Nanyang Technological ក្នុងប្រទេសសិង្ហបុរី។

អ្នកជំនាញរូបនេះបន្ថែមថាសព្វថ្ងៃ រឿងដែលចិនត្រូវធ្វើមុនគេ នោះគឺការទទួលបានទំនុកចិត្តឡើងវិញពីអ្នកវិយោគបរទេស និងទប់ស្កាត់កុំឱ្យក្រុមហ៊ុន ឬអ្នកវិនិយោគដកទុនរបស់ពួកគេ ចេញពីប្រទេសចិន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីគោលដៅគោលនយោបាយរបស់ចិន៖

* បច្ចេកវិទ្យា និងពាណិជ្ជកម្ម
របាយការណ៍ការងាររបស់ចិនបានសន្យាថានឹងប្រមូលធនធានជាតិទាំងឡាយ ដើម្បីបង្កើនល្បឿនដល់ការស្វែងរករបកគំហើញថ្មីៗ នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញជាយូរណាស់មកហើយឱ្យចិនពឹងផ្អែកលើបច្ចេកវិទ្យាខ្លួនឯង ដែលនេះជាគោលដៅដ៏ចម្បងមួយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមរាំងខ្ទប់មហិច្ឆតាចិនលើបន្ទះឈីប រថយន្ដអគ្គិសនី និងបញ្ញាសប្បនិម្មិត ឬ AI។ ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបទៅកាន់ទីផ្សារចិន បាន និងកំពុង រារាំងចិនមិនឱ្យចូលទៅកាន់បច្ចេកវិទ្យាបន្ទះឈីបទំនើបៗ សម្រាប់បច្ចេកវិទ្យា AI។ តួយ៉ាងសារព័ត៌មាន Bloomberg បានរាយការណ៍ក្នុងសប្ដាហ៍នេះថាក្រុមហ៊ុន Advanced Micro Devices (AMD) ត្រូវបានហាមឃាត់ការលក់ឈីប AI ទៅកាន់ទីផ្សារចិន។

ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ក៏បានប្ដេជ្ញាដែរថានឹងទប់ស្កាត់ឱ្យបាននូវ «សកម្មភាពផលិតច្រើនជាងការលក់ចេញ» នៅតាមឧស្សាហកម្មសំខាន់ៗ ស្របពេលក្រុមហ៊ុនមួយចំនួន កំពុង ជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល បន្ទាប់ពីការបញ្ចុះតម្លៃទំនិញដើម្បីអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារ។ ថ្នាក់ដឹកនាំចិនបានបញ្ចេញប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យផលិតកម្ម ដើម្បីប៉ះប៉ូវការខាតបង់បង្កឡើងដោយវិបត្តិអចលនទ្រព្យ។ នេះបានន័យថាចិននឹងបង្កើនការចំណាយលើការផលិតរថយន្ដអគ្គិសនី និងថាមពលកកើតឡើងវិញ។

* ទាក់ទាញការវិនិយោគបរទេស
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានធ្វើការសន្យានៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភាចិនថារដ្ឋាភិបាលនឹងចាត់វិធានការជាមួយការកំណត់គោលដៅច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាធំៗ ដែលរារាំងដល់ការវិនិយោគពីបរទេសចូលក្នុងប្រទេសចិន ឬជំរុញឱ្យអ្នកវិនិយោគដកទុនរបស់ពួកគេ។ តាមលោក Li វិធានការដែលលោកបានលើកឡើង នឹងសម្រួលដល់ក្រុមហ៊ុនបរទេសនានា អាចចូលរួមប្រកួតប្រជែងដោយស្មើភាពជាមួយក្រុមហ៊ុនក្នុងស្រុក លើការដេញថ្លៃគម្រោងរបស់រដ្ឋាភិបាលចិន។

ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសមួយចំនួន បានបាត់បង់ជំនឿចិត្តលើទីផ្សារចិនគួរឱ្យកត់សម្គាល់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ។ ការវិនិយោគដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយក្រុមហ៊ុនបរទេសបានធ្លាក់ចុះដល់ទៅ ៦.៧ភាគរយ កាលពីឆ្នាំ២០២៣។ តែឥលូវ មានសញ្ញាល្អប្រសើរឡើងខ្លះៗ ក្រោយប្រធានសភាពាណិជ្ជកម្មអាមេរិកធ្វើទស្សនកិច្ចក្នុងប្រទេសចិនកាលពីចុងខែកុម្ភៈ និងការស្ទង់មតិថ្មីៗនេះរបស់សភាពាណិជ្ជកម្មអាមេរិក ក្នុងប្រទេសចិនបង្ហាញថាក្រុមហ៊ុនអាមេរិកមានសុទិដ្ឋនិយមចំពោះសក្តានុពលប្រាក់ចំណេញរបស់ពួកគេឡើងវិញ។

* សំណុំរឿងតៃវ៉ាន់
លោក Li Qiang បានបញ្ចេញវោហារសាស្ត្រជាប្រពៃណីរបស់ចិនចំពោះកោះតៃវ៉ាន់ ដោយនិយាយថាទីក្រុងប៉េកាំងនឹងប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់។ លោក បានសង្កត់ ធ្ងន់ដែរថាចិននឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការពន្លឿន បុព្វហេតុនៃ ការបង្រួបបង្រួមជាតិរបស់ចិន ព្រមទាំងថែរក្សាការពារផលប្រយោជន៍ស្នូលរបស់ចិន។ ការលើកឡើងបែបនេះរបស់លោក Li Qiang គឺមានលក្ខណៈប្រហែលគ្នានឹងវោហារសាស្ត្រ កន្លងមករបស់ចិនដែរ ជុំវិញសំណុំរឿងតៃវ៉ាន់។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តស្ថិតក្នុងភាពតានតឹងកម្រិតខ្ពស់នៅឡើយជុំវិញកោះតៃវ៉ាន់។ ក្នុងនោះកិច្ចប្រជុំរវាងមេដឹកនាំចាំផ្ទះតៃវ៉ាន់ លោកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់អាមេរិក ក្នុងឆ្នាំ២០២២ បានជំរុញឱ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងបានធូរស្រាលបន្តិច បន្ទាប់ពី លោកប្រធានាធិបតី ចូ បៃដិន បានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងទីក្រុង San Francisco កាលពីចុងឆ្នាំ២០២៣។ ប៉ុន្តែ កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បាននិយាយថាការបង្កើនកញ្ចប់ថវិកាយោធាគឺជារឿងត្រឹមត្រូវ និងចាំបាច់បំផុត ប្រឈមមុខនឹងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។

*​ ការបង្កើនកញ្ចប់ថវិកាយោធា
ចិនបានឱ្យដឹងថាខ្លួននឹងបង្កើនកញ្ចប់ថវិកាយោធា ៧.២ភាគរយ ស្មើនឹង ១.៦៧ទ្រីលានយ័ន ឬស្មើនឹង ២៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះ ហើយនេះជាការបង្កើនកញ្ចប់ថវិកា យោធា ៥ឆ្នាំជាប់ៗគ្នា។ ការបង្កើនកញ្ចប់ថវិកាយោធារបស់ចិន កើតមានឡើងក្រោយលោក ចូ បៃដិន កាលពីឆ្នាំ២០២៣ បានចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា ៨៨៦ពាន់លានដុល្លារ ដែលក្នុងនោះរួមមានបញ្ចូលទាំងកញ្ចប់ថវិកាសម្រាប់បណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលចិន។

លោក Drew Thompson​ ជាអតីតមន្ត្រីមន្ទីរបញ្ចកោណ និងសព្វថ្ងៃជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីសាលា Lee Kuan Yew School of Public Policy ក្នុងប្រទេសសិង្ហបុរីយល់ថាការបង្កើន កញ្ចប់ថវិកាយោធារបស់ចិន ដែលមានអត្រាខ្ពស់ជាងកំណើនសេដ្ឋកិច្ច គឺបានបង្ហាញពីការកើនឡើងនៃការព្រួយបារម្ភរបស់ចិនពីបរិយាកាសខាងក្រៅ។ លោកបន្តថា កងទ័ពរំដោះប្រជាជនចិន PLA ទំនងជាអាចនឹងមានធនធានបន្ថែមដើម្បីដំឡើងសាច់ដុំយោធាចិនក្នុងតំបន់។ ចំណែក បើតាមលោកស្រី Oriana Skylar Mastro ជាអ្នកវិភាគ មកពីសាកលវិទ្យាល័យ Stanford University ទោះបីជាកញ្ចប់ថវិកាយោធាចិននឹងត្រូវចំណាយដោយផ្ទាល់លើកងទ័ព ជាជាងអាវុធ ឬបរិក្ខារយោធាក៏ពិតមែន ក៏វានឹងមិនអាចធ្វើ ឱ្យសហរដ្ឋអាមេរិកស្ងប់ចិត្តបាននោះដែរ។ ពីព្រោះថាកងទ័ពនេះឯងគឺជាបញ្ហាចោទខាងយោធាដ៏ចម្បង ដែលកំពុងធ្វើឱ្យចិនមានការស្ទាក់ស្ទើរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ កម្លាំងយោធា។

* កង្វល់សេដ្ឋកិច្ច
លោក Li Qiang បានទទួលស្គាល់ថាការសម្រេចមហិច្ឆតាកំណើនសេដ្ឋកិច្ចរបស់ចិនឱ្យបានប្រហែល ៥ភាគរយក្នុងឆ្នាំ២០២៤ មិនមែនជារឿងងាយស្រួលទេ ជាមួយការគូសបញ្ជាក់ថា ចិនត្រូវការការគំាទ្រខាងគោលនយោបាយ និងកិច្ចប្រឹងប្រែងរួមគ្នាពីគ្រប់ទិសទាំងអស់។ អ្នកជំនាញសេដ្ឋកិច្ចលោកខាងលិចក៏យល់ដៀងគ្នានេះដែរថាកញ្ចប់ថវិកាដំបូងបំផុតដែលប្រកាស ដោយលោកនាយករដ្ឋមន្ត្រីចិន Li Qiang បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំចំពោះកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ គោលដៅកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤នេះ គឺជាគោលដៅ ពិបាកក្នុងការសម្រេចឱ្យបាន ដោយសារតែសព្វថ្ងៃមានបញ្ហាប្រឈមច្រើនជាងកាលពីឆ្នាំមុនទៅទៀត ដែលនេះនឹងតម្រូវឱ្យមានផែនការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត៕

រូបភាពពី Reuters