(វ៉ាស៊ីនតោន)៖ ប្រភពមួយដែលស្និតនឹងបញ្ហា បានប្រាប់ទីភ្នាក់ងារ Reuters នៅថ្ងៃពុធនេះថា លោកស្រី Nikki Haley សម្រេចដកខ្លួនចេញពីការប្រកួតប្រជែងតំណែងបេក្ខជនប្រធានាធិបតីអាមេរិក តំណាងបក្សសាធារណរដ្ឋ ដែលជាការសម្រេចចិត្តមួយនឹងធានាថា លោក ដូណាល់ ត្រាំ នឹងឈ្នះការតែងតាំងពីគណបក្សសាធារណរដ្ឋយ៉ាងពិតប្រាកដ ហើយនឹងត្រូវតតាំងសាជាថ្មី ជាមួយនឹងប្រធានាធិបតី លោក Joe Biden ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។

លោកស្រី Haley ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន និងថ្លែងសុន្ទរកថាខ្លីៗនៅទីក្រុង Charleston រដ្ឋ South Carolina នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ទោះជាយ៉ាងណា កាសែត The Wall Street Journal បានរាយការណ៍ថា លោកស្រីនឹងមិនប្រកាសពីការគាំទ្របេក្ខជន លោក ដូណាល់ ត្រាំ ទេ ប៉ុន្តែនឹងលើកទឹកចិត្តឱ្យគាត់ ទទួលបានអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងក្រុមអ្នកឯករាជ្យដែលគាំទ្រលោកស្រីផ្ទាល់។

គួរជម្រាបថា លោកស្រី Haley គឺជាគូប្រជែងចុងក្រោយរបស់ លោក ត្រាំ សម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋ។ នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិក នៅថ្ងៃ Super Tuesday លោក ត្រាំ បានទទួលជ័យជម្នះក្នុងរដ្ឋចំនួន ១៤ ក្នុងចំណោមរដ្ឋចំនួន ១៥។

កាសែត Wall Street Journal បានឱ្យដឹងទៀតថា លោកស្រី Haley ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ថា លោកស្រីនឹងបន្តតស៊ូមតិសម្រាប់គោលនយោបាយក្នុងស្រុក និងការបរទេសបែបអភិរក្ស ដែលលោកស្រីគាំទ្រ និងព្រមានប្រឆាំងនឹងហានិភ័យមួយចំនួនដូចជាភាពឯកោ និងកង្វះវិន័យផ្នែកហិរញ្ញវត្ថុ ដែលមើលឃើញថាបណ្តាលមកពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕