(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួនបានសម្រេចកត់ឈ្មោះក្រុមនយោបាយចំនួន២ ដែលធ្វើប្រតិបត្តិការ​ចេញពីទឹកដីសហរដ្ឋអាមេរិក ចូលក្នុងបញ្ជីអង្គការភេរវកម្ម ជាមួយការចោទប្រកាន់ថា ពួកគេនៅពីក្រោយផែនការវាយប្រហារផ្សេងៗ និង​ការជំរុញឱ្យមានចលនាផ្តាច់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឆាំងខាងលើ គឺរួមមាន Montagnard Support Group ហៅកាត់ MSGI និង Montagnard Stand for Justice ហៅកាត់ MSFJ ដែលត្រូវបានបង្កើតឡើងដំបូង នៅប្រទេសថៃ។ ក្រុមទាំងពីរកំពុងធ្វើប្រតិបត្តិការនៅលើទឹកដីរបស់សហរដ្ឋអាមេរិក ហើយត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ នៅ​តំបន់ខ្ពង់រាបកណ្តាល (Central Highlands) របស់វៀតណាម កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស៩នាក់ ក្នុងនោះ​រួមមានមន្រ្តីប៉ូលិស៤នាក់។

សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខវៀតណាម បានគូសបញ្ជាក់ថា ក្រុមប្រឆាំងទាំងពីរនេះ បានអូសទាញក្រុមជនជាតិភាគតិចនៅ​វៀតណាម រួចផ្តល់ការបណ្តុះបណ្តាល ហើយបង្គាប់បញ្ជាពួកគេ ឱ្យធ្វើសកម្មភាពភេរវកម្ម បំផុសការធ្វើបាតុកម្មតវ៉ា ធ្វើឃាតមន្រ្តី សម្លាប់​ជនស៉ីវិល បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងព្យាយាមបង្កើតរដ្ឋផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានដាក់ក្រុមមួយចំនួនជាបន្តបន្ទាប់ ចូលក្នុងបញ្ជីអង្គការភេរវកម្ម បន្ទាប់ពីក្រុមទាំងនោះ បានប្រកាស​ភក្តីភាពចំពោះរដ្ឋវៀតណាមខាងត្បូង ដែលសព្វថ្ងៃនេះលែងមានវត្តមានទៀតហើយ ចាប់តាំងពីវៀតណាមខាងជើង បានទទួលជ័យជម្នះ ក្នុងសង្រ្គាមវៀតណាម កាលពីឆ្នាំ១៩៧៥៕

រូបភាពពី Reuters