(ស៉ីដនី)៖ អូស្រ្តាលី និងសមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល​ ៣ថ្ងៃនៅថ្ងៃពុធនេះ ដោយអំពាវនាវឱ្យមានការអត់ធ្មត់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងបទឈប់បាញ់យូអង្វែងនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អូស្រ្តាលី និងអាស៊ានបានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ដោយ «ផ្អែកលើច្បាប់» ក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា «យើងទទួលស្គាល់ពីអត្ថប្រយោជន៍នៃការរក្សាសមុទ្រចិនខាងត្បូង ជាដែនសមុទ្រមួយដែលមាន លសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងលើកទឹកចិត្តឱ្យប្រទេសទាំងអស់ ចៀសវាងការប្រព្រឹត្តសកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»

ចំពោះសង្រ្គាមនៅហ្គាហ្សាវិញ អូស្រ្តាលី និងអាស៊ាន ក៏បានរំលឹកឡើងវិញនូវការព្រួយបារម្ភពីស្ថានភាពមនុស្សធម៌ ក៏ដូចជាអំពាវនាវ ឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ដែលនៅសេសសល់ ហើយទទូចរកបទឈប់បាញ់មនុស្សធម៌បន្ទាន់ និងយូរអង្វែង។

គួរបញ្ជាក់ថា អូស្ត្រាលី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាមួយអាស៊ាន នៅក្នុងទីក្រុងមែលប៊ន ដើម្បីប្រារព្ធខួបលើកទី ៥០នៃទំនាក់ទំនងរបស់ខ្លួនជាមួយប្លុកនេះ ទោះបីជាមានភាពខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកទាំង ១០ ស្តីពីផែនការរបស់ចិន ក្នុងការពង្រីកវត្តមានការទូត និងយោធានៅក្នុងតំបន់ក៏ដោយ៕

រូបភាពពី Reuters