(ប៉េកាំង)៖ នាថ្ងៃពុធនេះ ចិនបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ប្រទេសហ្វីលីពីន ធ្វើជាកូនអុករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង រវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីល ជុំវិញបញ្ហាជម្លោះទឹកដីនៅដែនសមុទ្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ចិនសូមទទូចឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនធ្វើជាកូនអុករបស់ខ្លួនតទៅទៀត ដើម្បីបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ ចំណែកឯហ្វីលីពីនផ្ទាល់វិញ មិនគួរបណ្តោយ​ឱ្យខ្លួនស្ថិតនៅក្នុងកណ្តាប់ដៃរបស់អាមេរិក បែបនេះឡើយ»។ ក្នុងថ្ងៃដដែលនេះខាងហ្វីលីពីន ក៏បានចេញមុខចោទប្រកាន់លើចិនផងដែរថា កំពុងតែធ្វើសកម្មភាពបង្កបញ្ហាដោយចេតនា នៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ជាច្រើនខែមកនេះ ចិននិងហ្វីលីពីន បានមើលឃើញឧប្បត្តិហេតុប្រឈមមុខដាក់គ្នា យ៉ាងញឹកញាប់នៅសមុទ្រចិនខាងត្បូង ដែលជាដែនសមុទ្រមានបញ្ហាវិវាទ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឆ្នាំសមុទ្រហ្វីលីពីន បានអះអាងថា នាវារបស់ខ្លួន១គ្រឿង បានរងការខូចខាត ក្រោយការបុកទង្គិចជាមួយនាវាឆ្មាំសមុទ្រចិន១គ្រឿង អំឡុងបេសកកម្មផ្គត់ផ្គង់មួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចរបៀបនេះ រវាងឆ្មាំសមុទ្រចិននិងហ្វីលីពីន ក៏ធ្លាប់កើតមានផងដែរ កាលពីខែធ្នូ ឆ្នាំ២០២៣៕

រូបភាពពី Reuters