(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានជ្រើសរើសជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកត្រូវបានដោះលែង ឱ្យមានសេរីភាពពីការឃុំឃាំង។ នេះបើតាមការស្ទង់មតិថ្មីមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤។

ការស្ទង់មតិថ្នាក់ជាតិធ្វើឡើងដោយវិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល (National Institute of Development Administration) លើអ្នកចូលរួមសម្ភាសន៍ចំនួន ១៣១០នាក់ បានបង្ហាញថា អ្នកចូលរួមក្នុងការស្ទង់មតិនេះជិត ២២ភាគរយបានជ្រើសរើសលោក Thaksin ជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ថៃ ខណៈនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ គឺលោក Srettha Thavisin មកពីគណបក្សភឿថៃគាំទ្រដោយលោក Thaksin ឈរនៅជម្រើសទី២ ដោយអ្នកចូលរួម១៧.៤ភាគរយបានជ្រើសរើសរូបលោក។

លោក Thaksin ត្រូវបានដោះលែងពីការឃុំឃាំង កាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានផ្ដល់ការអនុគ្រោះពិសេសឱ្យលោកមាន សេរីភាពមុនកំណត់ ក្រោមហេតុផលមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ។ អតីតនាយករដ្ឋមន្ត្រីដឹកនាំប្រទេសបាន ២អាណត្តិរូបនេះត្រូវបានតុលាការថៃផ្ដន្ទាទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទពុករលួយ។ លោកត្រូវបានឃាត់ខ្លួន ក្រោយត្រឡប់ចូលប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួន នៅបរទេសអស់ ១៥ឆ្នាំ។ តែទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹមមួយឆ្នាំវិញ។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិខាងលើដដែល លោក Pita Limjaroenrat អតីតមេដឹកនាំគណបក្ស Move Forward ដែលទទួលបានអាសនៈភាគច្រើនក្នុងសភា ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ឆ្នាំ២០២៣ ឈរនៅលេខរៀងទី៣ ជាមួយសំឡេងគាំទ្រ ១៥.១ភាគរយ ក្នុងនាមជាអ្នកនយោបាយមានឥទ្ធិពលក្នុងប្រទេសថៃ៕

រូបភាពពី AFP