(Reuters)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃអាទិត្យ ទី៣ ខែមីនានេះបានឱ្យដឹងថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Mikhail Galuzin និងបេសកជនពិសេសចិនទទួល បន្ទុកកិច្ចការតំបន់អឺរ៉ាស៊ី លោក Li Hui បានឯកភាពគ្នាថាវាមិនអាចទៅរួចឡើយ ដែលកិច្ចពិភាក្សាស្វែងរកដំណោះស្រាយនយោបាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រព្រឹត្តទៅដោយគ្មានការចូលរួមពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បេសកជនពិសេសចិន លោក Li Hui បានជួបជាមួយលោក Galuzin អំឡុងដំណើរទស្សនកិច្ចលើកទី២ របស់ទៅកាន់តំបន់អឺរ៉ុប ក្នុងនោះរួមមានបញ្ចូលទាំងប៉ូឡូញ អ៊ុយក្រែន និងអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការចូលរួម និងការផ្លាស់ប្ដូរទស្សនៈយល់ឃើញទាំងឡាយបានប្រព្រឹត្តទៅស្ដីពីប្រធានបទវិបត្តិអ៊ុយក្រែន ហើយរាល់ កិច្ចពិភាក្សាស្វែងរកដំណោះស្រាយនយោបាយ និងការទូតទាំងអស់ នឹងមិនអាចធ្វើទៅបានឡើយ ប្រសិនបើគ្មានវត្តមានរុស្ស៉ីចូលរួមទេនោះ»។

គួរបញ្ជាក់ថា រុស្ស៉ីបានបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយលោក ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេសដើម្បីលុបបំបាត់របបណាហ្ស៉ី នៅអ៊ុយក្រែន។ តែទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបានចាត់ទុកថាប្រតិបត្តិការនេះជាសង្រ្គាមឈ្លានពានកាន់កាប់ទឹកដីអ៊ុយក្រែន៕

រូបភាពពី Reuters