(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន ៣៨គ្រឿង នៅតំបន់គ្រីមៀ នៅព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី៣ ខែមីនានេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍លើបណ្ដាញទំនាក់ទំនងសង្គមអ៊ុយក្រែន និងរុស្ស៉ីពីសំឡេងផ្ទុះដ៏ខ្លាំងនៅឯទីក្រុងកំពង់ផែ Feodosia។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ីមិនបានឱ្យដឹងថាតើមានការខូចខាត និងជនរងគ្រោះណាម្នាក់ដែរឬក៏យ៉ាងណានោះទេ។ ចំណែក ការធ្វើចរាចរណ៍នៅតាមផ្លូវក្បែរទីក្រុង Feodosia ត្រូវបានរឹតត្បិតយ៉ាងខ្លាំង ខណៈការធ្វើចរាចរណ៍នៅលើស្ពានតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ត្រូវផ្អាកជាច្រើនម៉ោង មុននឹង បើកឱ្យធ្វើចរាចរវិញនៅព្រឹកថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារគួរឱ្យកត់សម្គាល់លើតំបន់គ្រីមៀ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយលោក ហ្សេលេនស្គីក៏ធ្លាប់បានលើកឡើង ដែរថា កងកម្លាំងអ៊ុយក្រែនបានកាត់បន្ថយអំណាចយោធារុស្ស៉ី ក្នុងតំបន់សមុទ្រខ្មៅ ជាមួយការសង្កត់ធ្ងន់ថាការគាំទ្រពីលោកខាងលិចអាចនឹងនាំទៅរកជ័យជម្នះនៃ ប្រទេសរបស់លោក លើរុស្ស៉ី៕

រូបភាពពី TASS