(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា បានសន្យាថានឹងបើកការស៊ើបអង្កេតមួយ បន្ទាប់ពីសំឡេងខ្សែអាត់មួយ ពាក់ព័ន្ធនឹង កិច្ចសន្ទនាជាសម្ងាត់ពីសង្រ្គាមអ៊ុយក្រែនត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ម្នាក់ សំឡេងខ្សែអាត់ខាងលើគឺជាកិច្ចសន្ទនាមួយនៅក្នុងអង្គភាពកងទ័ពអាកាសអាល្លឺម៉ង់ ដែលត្រូវបានគេលួចស្ដាប់ ហើយ កិច្ចសន្ទនានោះដែរ គឺពិភាក្សាគ្នាពីការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែន និងការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនលើស្ពានមួយក្នុងតំបន់គ្រីមៀ។

នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងរ៉ូម អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានចាត់ទុកថាការបែកធ្លាយសំឡេងខ្សែអាត់នេះគឺជាបញ្ហាធ្ងន់ធ្ងរ និងកំពុងស្ថិត នៅក្រោមការស៊ើបអង្កេតមួយយ៉ាងយកចិត្តទុកដាក់។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានចាត់ទុកការបែកធ្លាយព័ត៌មានសម្ងាត់ពីសង្រ្គាមអ៊ុយក្រែន ប្រៀបដូចជា គ្រោះមហន្តរាយមួយ។ ប៉ុន្តែព្រមពេលជាមួយគ្នា កាសែតអាល្លឺម៉ង់ Der Spiegel បានឱ្យដឹងថាសំឡេងខ្សែអាត់នៃវីដេអូខុនហ្វេរិននោះបានប្រព្រឹត្តទៅលើកម្មវិធី WebEx និងមិនមែនប្រព្រឹត្តទៅដោយបណ្ដាញផ្ទៃក្នុងកងទ័ពអាល្លឺម៉ង់នោះទេ។

គួរបញ្ជាក់ថា លោកស្រី Margarita Simonyan ដែលជានិពន្ធនាយកសារព័ត៌មាន Russia Today បានបង្ហោះសំឡេងខ្សែអាត់មួយកាលពីថ្ងៃសុក្រកន្លងទៅនេះ លើបណ្ដាញទំនាក់ទំនងសង្គម Telegram ដោយនិយាយថាក្រុមមន្ត្រីអាល្លឺម៉ង់បានពិភាក្សាគ្នាពីវិធីសាស្ត្រវាយប្រហារលើស្ពានមួយក្នុងតំបន់គ្រីមៀ ព្រមទាំងលទ្ធភាពនៃ ការបញ្ជូនមីស៊ីលចម្ងាយឆ្ងាយ Taurus ដល់ទីក្រុងកៀវផងដែរ ខណៈផែនការផ្ដល់មីស៊ីលប្រភេទនេះត្រូវបានលោក Olaf Scholz ច្រានចោលជាសាធារណៈ៕

រូបភាពពី Reuters