(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា (ម៉ោងនៅអាមេរិក) បានបោះជំហានកាន់តែកៀកទៅរក ការក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ ជាមួយការឈ្នះនៅក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស ឬការបោះឆ្នោតបឋម នៅក្នុងរដ្ឋ Missouri Michigan និងរដ្ឋ Idaho។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាបន្តបន្ទាប់ ក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ បើទោះជាកំពុងប្រឈមមុខនឹងរឿងក្ដីក្ដាំជាច្រើន ក៏ដោយ ហើយបច្ចុប្បន្ន លោកកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃ Super Tuesday នៅសប្ដាហ៍ក្រោយជាពេលដែលអ្នកបោះឆ្នោតក្នុងរដ្ឋចំនួន១៥ នឹងជ្រើសរើស បេក្ខជនប្រធានាធិបតីនៃគណបក្សធំៗទាំង២ ដែលពួកគេពេញចិត្ត។

តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ នៅរដ្ឋ Missouri, Michigan និងរដ្ឋ Idaho ហើយក្នុងនោះនៅរដ្ឋ Missouri លោក ត្រាំ នៅតែបន្តផ្ដួលគូប្រជែងដ៏ធំរបស់លោក គឺលោកស្រី Nikki Haley។ តាមរយៈជ័យជម្នះនេះ លោក ត្រាំ ត្រូវបានគេ រំពឹងខ្ពស់ថាអាចនឹងត្រូវជួបលោក ចូ បៃដិន សាជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ បន្ទាប់ពីអ្នកទាំង២ធ្លាប់ប្រជែងគ្នាម្ដងរួចហើយ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០៕

រូបភាពពី AFP