(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាអ៉ីស្រាអែលបានយល់ព្រមទទួលយកភាគច្រើននៃសំណើពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ នៅក្នុងសង្រ្គាមហ្កាហ្សា ហើយឥលូវគឺវាអាស្រ័យទៅលើក្រុមហាម៉ាសព្រមដោះលែងចំណាប់ខ្មាំង ដែរឬក៏អត់ ដើ​ម្បី ឱ្យបទឈប់បានេះញ់ចូលជាធរមាន។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា «វាពិតជាមានក្របខណ្ឌនៃកិច្ចព្រមព្រៀមមួយ ហើយខាងអ៉ីស្រាអែលបានទទួលយកភាគច្រើន។ ដូច្នេះឥលូវអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់ ក្រុមហាម៉ាស»។

ប្រតិភូមមួយក្រុមរបស់ក្រុមហាម៉ាស ត្រូវបានរាយការណ៍ថាអាចនឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៉ីបកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បី ចូលរួមក្នុងកិច្ចចរចាថ្មីមួយ។ ប្រភពមួយស្និទ្ធនឹងក្រុមហាម៉ាសក៏បានឱ្យដឹងដែរថាប្រតិភូក្រុមហាម៉ាសនឹងផ្ដល់ចម្លើយរបស់ខ្លួនចំពោះសំណើជុំវិញផែនការ បទឈប់បាញ់ដែលត្រូវបានលើកយកទៅពិភាក្សាក្នុងទីក្រុងប៉ារីស កាលពីខែកុម្ភៈកន្លងទៅ។

ក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីអេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមស្វែងរកបទឈប់បាញ់មួយសម្រាប់តំបន់ហ្កាហ្សា នៅមុន ខែរ៉ាម៉ាឌនជាខែតមអាហាររបស់អ្នកកាន់សាសនាអ៉ីស្លាម ដែលអាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ឬ១១ ខែមីនា សំដៅបញ្ឈប់ផែនការវាយលុកចូលទីក្រុង Rafah របស់យោធាអ៉ីស្រាអែល។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu ធ្លាប់បានព្រមានថាបទឈប់បាញ់ណាមួយគឺគ្រាន់តែអាចផ្អាក ប្រតិបត្តិការវាយលុករបស់អ៉ីស្រាអែលប៉ុណ្ណោះ៕

រូបភាពពី Reuters