(តូក្យូ)៖ សភាជាន់ទាបនៃប្រទេសជប៉ុន បានអនុម័តកញ្ចប់ថវិការបស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ក្នុងសម័យប្រជុំកម្រ​ដែលធ្វើឡើងនាថ្ងៃសៅរ៍ ខណៈវាគឺជាជ័យជម្នះមួយ សម្រាប់នាយករដ្ឋមន្រ្តីលោក Fumio Kishida ដែលបានមើលឃើញសំឡេងគាំទ្រពី​សាធារណជន បន្តធ្លាក់ចុះជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

ការអនុម័តខាងលើផ្តល់ការធានាថា កញ្ចប់ថវិកាជាតិទំហំ១១២ទ្រីលានយេននោះ ដែលស្មើនឹង៧៤៦ពាន់លានដុល្លារ ហើយរួមមានទាំង ​ថវិកាសង្រ្គោះសម្រាប់មហន្តរាយរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកលនៅឧបទ្វីប Noto នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ដែលជាពេល​ចាប់ផ្តើមនៃឆ្នាំសារពើពន្ធ២០២៤ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ នៅក្នុងសភាជាន់ខ្ពស់ជប៉ុន ដែលមិនសូវមានឥទ្ធិពល។ នៅក្នុងសប្តាហ៍នេះ លោក Kishida បានក្លាយជានាយករដ្ឋមន្រ្តីកំពុងកាន់អំណាចដំបូងគេ ក្នុងប្រវត្តិសាស្រ្តជប៉ុន ដែលត្រូវទៅបង្ហាញខ្លួន នៅចំពោះមុខគណៈកម្មាធិការសីលធម៌របស់សភា ពាក់ព័ន្ធរឿងអាស្រូវរៃអង្គាសថវិកានយោបាយ ដែលបានធ្វើឱ្យប៉ះពាល់ ប្រជាប្រិយភាពរបស់លោក ទោះបីរូបលោកមិនជាប់ពាក់ព័ន្ធផ្ទាល់ក៏ដោយ។

គួរបញ្ជាក់ថា សំឡេងគាំទ្រសម្រាប់លោក Kishida និងគណបក្សកាន់អំណាច LDP បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីឆ្នាំ២០២១មក ដោយាការគាំទ្ររបស់លោក ស្ថិតនៅ២៥ភាគរយ ខណៈការគាំទ្រសម្រាប់គណបក្ស LDP ស្ថិតនៅ​៣០ភាគរយ បើយោងតាមលទ្ធផលស្ទង់មតិកាលពីខែកុម្ភៈ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK។ កន្លងមកនេះ ក្រុមអ្នកវិភាគបានយល់ឃើញថា ប្រសិនបើការអនុម័ត កញ្ចប់ថវិកាជាតិខាងលើ ទទួលបរាជ័យវិញនោះ វានឹងបង្កបញ្ហាមួយកម្រិតទៀតសម្រាប់លោក Kishida ស្របពេលដែលរូបលោក កំពុងព្យាយាមប្រមែប្រមូលការគាំទ្រ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស LDP ថ្មី នាខែកញ្ញា ឆ្នាំនេះ៕

រូបភាពពី Reuters