(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,២២៨នាក់ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស ១៩៣ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនចំនួន ៧១,៣៧៧ នាក់បានរងរបួស ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលាឆ្នាំមុន។ ហើយក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៩៣ នាក់ និង ៩២០ នាក់ផ្សេងទៀតរងរបួស។

ក្រសួងបានបន្ថែមថា ជនរងគ្រោះមួយចំនួននៅបន្តត្រូវបានកប់នៅក្រោមគំនរបាក់បែកនៅឡើយ ដោយសារតែមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះអ្នកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។

វិទ្យុអ៊ីស្រាអែលមួយបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីបសម្រាប់រយៈពេល ១៤៧ ថ្ងៃជាប់ៗគ្នា ដោយបន្ថែមថា ជនជាតិប៉ាឡេស្ទីនជាង ៤៥០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលដប់ថ្ងៃកន្លងមកនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការយោធាអ៊ីស្រាអែល នឹងបន្តរហូតដល់សម្រេចបានជ័យជម្នះពេញលេញ៕

រូបភាពពីស៊ីនហួរ