(បារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានការខឹងសម្បារចំពោះការបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១០០នាក់ ដែលកំពុងរងចាំទទួលជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ហើយទាមទារស្វែងរក «ការពិត និងយុត្តិធម៌» ជុំវិញតួនាទីរបស់ទាហានអ៊ីស្រាអែល នៅក្នុងឧបទ្ទវហេតុនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

លោក Macron បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង X ដូច្នេះថា «ខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះរូបភាពដែលទទួលបានមកពីតំបន់ហ្គាហ្សា ជាកន្លែងដែលទាហានអ៊ីស្រាអែលកំពុងតម្រង់គោលដៅទៅលើជនស៊ីវិល។ ខ្ញុំសូមសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារទាំងនេះ ហើយអំពាវនាវរកការពិត យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ»។ លោក​បាន​បន្ថែម​ថា វា​ចាំបាច់​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់​ក្នុង​សង្គ្រាម។

នៅថ្ងៃសុក្រនេះផងដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Stephane Segorn ក៏បាននិយាយផងដែរថា ទីក្រុងប៉ារីសនឹងគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិ សម្រាប់ការស៊ើបអង្កេតឯករាជ្យមួយជុំវិញឧបទ្ទវហេតុនេះ។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ក្រសួងសុខាភិបាល នៃតំំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កងទ័ពអ៉ីស្រាអែលនៅក្បែរទីក្រុងហ្កាហ្សា បានបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដែលបានឈរប្រមូលផ្តុំគ្នា ដើម្បីរង់ចាំ​ទទួលជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយជាលទ្ធផលមនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត និងជិត៣០០នាក់ បានរងរបួស។ យ៉ាងណាមិញ ខាងយោធាអ៉ីស្រាអែល បាននិយាយថា មានហេតុការណ៍រត់ជាន់គ្នា បានកើតឡើង នៅពេលមនុស្សរាប់ពាន់នាក់ បានចោមរោមក្បួនរថយន្តដឹកជំនួយចំនួន៣៨គ្រឿង រហូតដល់ថ្នាក់បង្កឱ្យមាន​អ្នកស្លាប់និងរបួស ជាច្រើននាក់បែបនោះ។ រីឯប្រភព​អ៉ីស្រាអែលមួយបានបង្ហើបថា កងកម្លាំងអ៉ីស្រាអែល បានបើកការបាញ់ប្រហារលើហ្វូងមនុស្ស ដោយសារមានការគំរាមកំហែងដល់ពួកគេ៕

រូបភាពពី Reuters