(វៀងច័ន្ទ)៖ ប្រធានាធិបតីឡាវ និងទីម័រខាងកើតបានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន កសិកម្ម ថាមពល សេវាកម្ម ទេសចរណ៍ និងការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេច នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta និងគណៈប្រតិភូអមដំណើររបស់លោកទៅកាន់ប្រទេសឡាវចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា តាមការអញ្ជើញរបស់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើតគណៈកម្មាធិការរួម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឡាវ និងទីម័រខាងកើត ដើម្បីជាយន្តការជំរុញកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កា។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមករបស់មេដឹកនាំនៃរដ្ឋាភិបាលទាំងពីរ។

លើសពីនេះ ប្រធានាធិបតីទាំងពីរបានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saliumxay Koumasith និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោក Benedito dos Santos Freitas ផងដែរ៕

រូបភាពពី VNA