(មូស្គូ)៖ មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានព្រមានជុំវិញផលវិបាក នៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែ័រ ប្រសិនណាបើប្រទេសលោកខាងលិច បញ្ជួនកងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែន។ សម្តីព្រមាន នេះបានធ្វើឡើងនាថ្ងៃទី២៩ កុម្ភៈ ក្នុងប្រសាសន៍ថ្លែង ក្នុងសុន្ទរកថាប្រចាំឆ្នាំក្នុងរដ្ឋធានីម៉ូស្គូ។ លោកពូទីនថ្លែងថា រុស្ស៊ីមានអាវុធរបស់ខ្លួនអាចបាញ់ដាក់ លើគោលដៅប្រទេសលោកខាងលិច។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងព្រមាន «សោកនាដកម្ម» នឹងកើតឡើង ចំពោះការសម្រេចចិត្តណាមួយ របស់ប្រទេសលោកខាងលិច ដែលចង់បញ្ជួនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។ សម្តីព្រមានរបស់មេដឹកនាំរុស្ស៊ី បានធ្វើឡើងតាមរយៈសុន្ទរកថាប្រចាំឆ្នាំរបស់លោកថ្លែងទៅ កាន់ប្រជាជាតិរុស្ស៊ីនៅថ្ងៃទី២៩ កុម្ភៈ ដោយលោកបានចោទប្រកាន់ ប្រទេសលោកខាងលិច ថាបានព្យាយាម ទាញរុស្ស៊ីឱ្យធ្លាក់ចូលក្នុង ការប្រកួតប្រជែងគ្រឿងសព្វាវុធ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងកាលពីថ្ងៃចន្ទសប្តាហ៍នេះក្នុងសន្និសីទអន្តរជាតិមួយ នាទីក្រុងប៉ារីស បញ្ជាក់ថាការបញ្ជូនកងទ័ពថ្មើរជើង របស់លោកខាងលិចទៅ កាន់អ៊ុយក្រែន មិនគួរត្រូវបាន «បដិសេធ» នាពេលអនាគតនោះទេ។

ប្រធានាធិបតីរុស្ស៊ី បានថ្លែងព្រមានតបទៅវិញថា «ផលវិបាកនៃការសម្រេចចិត្តមួយបែបនោះ នឹងបង្កឱ្យមានសោកនាដកម្ម»។ ថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំ, លោកប្រធានាធិបតីពូទីន បានចោទប្រទេសលោកខាងលិចថា បានព្យាយាមអូសទាញរុស្ស៊ី ឲ្យចូលក្នុងការប្រជែងគ្រឿងសព្វាវុធ។

សង្គ្រាមអ៊ុយក្រែនដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យប្រទេសដែលធ្លាប់ប្រកាន់និន្នាការអព្យាក្រិត្យ បានផ្លាស់ប្តូរជំហររបស់ខ្លួនស្វែងរកចន្ទល់ការពារខ្លួន។ ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានប្រកាស នូវបំណងរបស់ខ្លួនក្នុងខែឧសភាឆ្នាំ២០២២ ចង់ចូលជាសមាជិករបស់អង្គការណាតូ។

ប្រទេសហ្វាំងឡង់ ក្រោយមកបានក្លាយជាសមាជិករបស់អង្គការណាតូ កាលពីខែមេសាឆ្នាំ២០២៣ និងប្រទេសស៊ុយអែត នឹងរំពឹងក្លាយជាសមា ជិកអង្គការណាតូជាបន្ថែមទៀត ក្នុងអនាគតខាងមុខនេះ បន្ទាប់ពីប្រទេសតួកគី និងប្រទេស ហុងគ្រីដែលធ្លាប់តែជំទាស់នឹង បេក្ខភាពប្រទេសស៊ុយអែត ទើបតែបានយល់ព្រមតាមរយៈ ការធ្វើសច្ចាប័នតាមសភារៀងៗខ្លួន នាដើមឆ្នាំ២០២៤នេះទេ។

លោកវ្លាឌីមៀរពូទីន បានប្រាប់ប្រជាជនរុស្ស៊ីថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវពង្រឹងកិច្ចការពាររបស់ខ្លួនតាមបណ្តោយព្រំដែន ជាមួយប្រទេសលោកខាងលិចនាពេលនេះ គ្រាដែលប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ បានចូលរួមជាមួយអង្គការណាតូហើយ។

មេដឹកនាំរុស្ស៊ីបានថ្លែងថា «យើងចាំបាច់ត្រូវពង្រឹងកងកម្លាំងរបស់យើងក្នុងទិសដៅ ដែលយុទ្ធសាស្ត្ររបស់លោកខាងលិច ក្នុងការបន្សាបការគំរាមកំហែង គ្រាដែលណាតូបានពង្រីកសមាជិក២ដទៃទៀត គឺប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលទៅក្នុងសម្ព័ន្ធភាព»

លោកពូទីនថ្លែងបន្តថា «ពួកគេកំពុងនិយាយអំពីលទ្ធភាព នៃការបញ្ជូនកងកម្លាំងយោធាណាតូ ទៅអ៊ុយក្រែន។ ប៉ុន្តែយើងក៏នឹកឃើញពីជោគវាសនា របស់អ្នកដែលធ្លាប់បញ្ជូន បក្ខពួកមកប្រទេសយើង កាលពីមុន…ហើយផលវិបាកចំពោះ អ្នកចង់ជ្រៀតជ្រែកក្នុងរឿងដដែលនោះ នឹងក្លាយជាសោកនាដកម្មកាន់តែខ្លាំងថែមទៀត»

ហេតុផលនៃការនាំឱ្យមានការផ្ទុះសង្គ្រាមថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ ត្រូវគេនិយាយថាដោយសារតែរុស្ស៊ី បានមើលឃើញ នូវគ្រោះ ថ្នាក់នៃការពង្រីកអំណាចរបស់ អង្គការណាតូកាន់តែមក កៀកជិតខ្សែព្រំដែនរបស់ប្រទេសរុស្ស៊ី បើទោះបីជាមានកិច្ចព្រមព្រៀង រវាងអតីតសហភាព សូវៀតលោក Mikhail Gorbachev ជាមួយនឹងអតីតមេដឹកនាំសហរដ្ឋអាមេរិកលោក Ronald Regan នាថ្ងៃទី៨ ធ្នូឆ្នាំ១៩៨៧ ស្តីពីការមិនពង្រីកឥទ្ធិពលរបស់ណាតូ មកកាន់ភាគខាងកើតនៃទ្វីបអឺរ៉ុប ដែលក្នុងនោះក៏រួមមានអ៊ុយក្រែនផងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បានរៀបរាប់ជុំវិញមូលហេតុ នៃការផ្ទុះសង្គ្រាមនោះថា «រយៈពេល៣០ឆ្នាំកន្លងមកនេះ រុស្ស៊ីបានព្យាយាមដោយអត់ធ្មត់ ដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេស នៃអង្គការអូតង់លើគោលការណ៍ នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបាននៅអឺរ៉ុប»។ ឯកអគ្គរដ្ឋទូតរុស្ស៊ីដដែល បានថ្លែងបន្តថា ប៉ុន្តែរុស្ស៊ីបាន «ប្រឈមមុខនឹងការបោកបញ្ឆោត និងការភូតកុហកជាមួយ ការប៉ុនប៉ងដាក់សម្ពាធនិងការ គំរាមកំហែង ខណៈអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានបន្តពង្រីកឥទ្ធិពលរបស់ខ្លួន មកព្រំដែនភាគខាងកើត បើទោះបីជាមានការតវ៉ា និងការព្រួយបារម្ភរបស់រុស្ស៊ីយ៉ាងណា ក៏ដោយ»

រុស្ស៊ីបានថ្លែងថាការចង់ពង្រីកបន្ថែម នៃហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ ដើម្បីយកទឹកដី អ៊ុយក្រែនធ្វើជាទីតាំងយោធាទៀតនោះ គឺរុស្ស៊ីមិនអាចទទួលយកបានឡើយ។ ថ្លែងតាមរយៈសុន្ទរកថា ប្រចាំឆ្នាំ២០២៤ ក្នុងក្រុងម៉ូស្គូ, លោកពូទីនបានហៅប្រទេសលោកខាង លិចថា បាន "បង្កជម្លោះនៅអ៊ុយក្រែន» ហើយថា លោកខាងលិច «បានបន្តនិយាយកុហក ដោយគ្មានខ្មាស់អៀនជាមួយនឹង ពាក្យសម្តីនិយាយថារុស្ស៊ីមានចេតនាវាយប្រហារអឺរ៉ុប"

សារដែលថ្លែងដោយមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នាពេលនេះ គឺជាសារដែលធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោកអេម៉ានូអែលម៉ាក្រុង ដែលបាននិយាយ ក្នុងសប្តាហ៍នេះថា «យើងនឹងធ្វើអ្វីទាំងអស់ដែលអាចធ្វើបាន ដើម្បីធានាថារុស្ស៊ី នឹងមិនអាចឈ្នះសង្គ្រាមបានឡើយ»។ លោកអេម៉ានូអែលម៉ាក្រុង បានថ្លែងចង់ឱ្យមាន ការបញ្ជួនកងកម្លាំងថ្មើរជើង ប្រទេសជាសមាជិកអង្គការណាតូ ទៅជួយធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងប្រទេសបារាំង បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ធ្វើឡើងដោយសាធារណរដ្ឋឆេក ដើម្បីទិញគ្រាប់រំសេវ និង គ្រាប់ផ្លោងពីប្រទេសនៅក្រៅអឺរ៉ុប សម្រាប់ឱ្យអ៊ុយក្រែនធ្វើការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

លោកពូទីនបានថ្លែងនៅក្នុងសុន្ទរកថាដដែលទៀតថា «យើងក៏មានអាវុធដែលអាចបាញ់ដល់ គោលដៅនៅលើទឹកដី របស់ពួកគេ បានផងដែរ»។ លោកពូទីនបានចាត់ទុក សម្តីដែលចង់ ឱ្យមានការបញ្ជួនកងកម្លាំងថ្មើរជើងណាតូ ទៅជួយអ៊ុយក្រែនថាជា «អំពើគំរាមកំហែងបង្កើត នូវជម្លោះដែលនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលមានន័យបំផ្លាញ អារ្យធម៌ទាន់សម័យ»។ លោកបានដាក់សំណួរថា «តើពួកគេម៉េចបានជាមិនយល់អំពីរឿងនេះ?"

ប្រទេសជាច្រើនរបស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលនូវទស្សនៈ លើកឡើងរបស់បារាំងដែលចង់ឱ្យ ការដាក់ពង្រាយ កងទ័ពជើងគោកណាតូ ទៅកាន់អ៊ុយក្រែន។

**** ហេតុអ្វីបានជាមានការព្រលយពាក្យសម្តី របស់លោកម៉ាក្រុងអំពីការចង់បញ្ជួនទ័ព?

សម្តីរបស់មេដឹកនាំបារាំងបានធ្វើឡើង ខណៈស្ថានការណ៍ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ចាប់ផ្តើមឈានចូលឆ្នាំទី៣ ត្រូវគេឃើញថាកាន់តែយ៉ាប់យ៉ឺន ដោយសារតែការខ្វះជំនួយទាំង យោធានិងកម្លាំងធនធានកងទ័ព ភាពមិនចុះសម្រុងគ្នាផ្ទៃក្នុង គឺជាកត្តាមួយដ៏ធំ គ្រាដែលមានការសម្រេចចិត្តរបស់មេដឹកនាំអ៊ុយក្រែន ធ្វើការដកចេញ អគ្គមេបញ្ជាការចាស់ប្តូរយកអគ្គមេបញ្ជាការថ្មី ក្នុងពេលដែលសង្គ្រាមកំពុងតែឆេះសន្ធោរសន្ធៅ។

អភិបាលខេត្ត Kherson ដែលរុស្ស៊ីបានតែងតាំងលោក Vladimir Saldo បានរាយការណ៍ប្រាប់ លោកពូទីនជុំវិញ ទាហានអ៊ុយក្រែន ជាច្រើនបានប្រឆាំងនឹង បញ្ជាដាក់ចេញរបស់លោកហ្សេ ឡិនស្គី។ លោក Vladimir Saldo នៅបានរាយការណ៍អំពីទាហានអ៊ុយក្រែនខ្លះបានលើកទង់ជ័យស សុំចុះចាញ់ដោយសារតែ ពួកគេនិយាយបង្ហាញ ភាពមិនពេញចិត្តនឹងការដឹកនាំបញ្ជារបស់មេដឹកនាំអ៊ុយក្រែននោះ។

សេចក្តីរាយការណ៍ពីស្ថានការណ៍បាក់ទ័ពដែលធ្វើឱ្យមាន ទាហានលែងស្តាប់បញ្ជារបស់លោក ហ្សេឡិនស្គី គឺជាសេចក្តីរាយការណ៍មួយ របស់កម្មវិធី Hindustan Times ដែលនិយាយដកស្រង់សម្តីរបស់ អភិបាលខេត្តKherson ដែលរុស្ស៊ីបានតែងតាំង។ កម្លាំងទាហានលើសមរភូមិ ត្រូវគេរាយការណ៍ជុំវិញការបាក់ទ័ពដែលបង្ខំចិត្តឱ្យ អ៊ុយក្រែនត្រូវបោះបង់ចោលក្រុងគន្លឹះ Adiivka និងភូមិយ៉ាងហោច២ក្បែរក្រុងនោះថែមទៀត។ សម្តីរបស់លោក អេម៉ានូអែលម៉ា ក្រុង ត្រូវបានគេចាត់ទុកថាជាការចង់ជួយទប់ភាព បាក់ទឹកចិត្តនិងការស្តារស្ថានការណ៍ក្នុងជួរកង ទ័ពអ៊ុយក្រែនខណៈភាពប្តេជ្ញាចិត្តរបស់បណ្តា ប្រទេសគន្លឹះក្នុងទ្វីបអឺរ៉ុប បានប្តេជ្ញានឹងបន្តជួយអ៊ុយក្រែនដរាបណាអ៊ុយក្រែន ត្រូវការពួកគេ ទោះយូរប៉ុណ្ណាក៏ដោយ។ សម្តីរបស់ប្រធានាធិបតីបារាំង ទោះជាយ៉ាងណាក៏ដោយត្រូវបាន គេចាត់ទុកថាជាវិធីសាស្ត្រ នៃការបោះសន្ទូចរង់ចាំមើលប្រតិកម្មត្រីថែមទៀត។

ចំពោះអង្គការបក្ខសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង, គំនិតនៃការបញ្ជូនទ័ពត្រូវបានហាមប្រាម ជាពិសេស នៅពេលអង្គការណាតូ ព្យាយាមគេចចេញពីការអូសទាញ ចូលក្នុងសង្គ្រាមកាន់តែធំជាមួយរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក៏គ្មានអ្វីរារាំងសមាជិកណាតូជាបុគ្គលពីការចូល រួមក្នុងកិច្ចការបែបនេះក្នុងលក្ខណៈផ្ទាល់ខ្លួន ឬជាក្រុមនោះទេ…ហើយអង្គការណាតូខ្លួនឯង នឹងចូលរួមទៅបានលុះត្រាសមាជិកទាំង៣១របស់ខ្លួន នឹងយល់ស្របទាំងអស់គ្នា។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងក្នុងសប្តាហ៍នេះថា «យើងមិនមានផែនការសម្រាប់ កងទ័ពប្រយុទ្ធថ្មើរជើងរបស់ណាតូ នៅលើដីក្នុងប្រទេសអ៊ុយក្រែនឡើយ»។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ បានបង្ហាញថា នៅមានប្រទេសមួយចំនួនកំពុងថ្លឹងថ្លែងថា តើគេគួរត្រូវធ្វើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីផ្តល់កងទ័ព ដើម្បីជួយអ៊ុយ ក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែរឬទេ?។ ប្រទេសបារាំង, អាល្លឺម៉ង់និងចក្រភព អង់គ្លេស គឹជាប្រទេសដែលបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសន្តិសុខទ្វេភាគី រយៈពេល១០ឆ្នាំជាមួយអ៊ុយក្រែន។

លោកប្រធានាធិបតី ពូទីន ក្នុងសុន្ទរកថាថ្លែងរយៈពេល២ម៉ោងថ្ងៃទី២៩ កុម្ភៈ បានថ្លែងអួតសរសើរអំពីអាវុធទំនើបៗ របស់រុស្ស៊ី ដូចជាមីស៊ីលបាលីស្ទីក Samat, មីស៊ីលគ្រូសប្រើថាមពល អាតូមិកឈ្មោះ Burevestnik, មីស៊ីលប្រើថាមពលអាតូមិក Poseidon, ដ្រូនបំពាក់នុយក្លេអ៊េ័រ និងដ្រូនបើកក្រោមទឹកដែលសុទ្ធសឹងតែជា អាវុធបានសាកល្បងដឹងនូវប្រសិទ្ធភាពរបស់វា រួចរាល់ទាំងអស់។ លោកបញ្ជាក់ថាកងកម្លាំងនុយក្លេអ៊ែ័រជា យុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយនឹង អាវុធទំនើបទាំងនោះ បានស្ថិតក្នុងសភាពត្រៀមជើងព្រួលរួចជាស្រេច។

លោកពូទីនថ្លែងថា «យើងក៏មានអាវុធដែរ ហើយពួកគេក៏ដឹងអំពីរឿងនេះ…យើងមានអាវុធ ដែលអាចបាញ់ដាក់លើ គោលដៅលើ ទឹកដីរបស់ពួកគេបានថែមទៀត»។ លោកពូទីនបាន ថ្លែងបន្តថា «ពួកគេត្រូវយល់អំពីរឿងនោះគឺថា អ្វីដែលពួកគេកំពុងធ្វើគឺជាការព្យាយាមចង់ បន្លាចពិភពលោកទាំងមូលហើយ»។ លោកបានបន្ថែមថា រុស្ស៊ីបានដាក់ពង្រាយនូវ អាវុធថ្មីៗដែលមានសក្តានុពល ដែលអាវុធខ្លះក៏ធ្លាប់បានបាញ់ធ្វើតេស្តដាក់ទៅលើសមរភូមិ ក្នុងអ៊ុយក្រែនខ្លះទៀតផងដែរ។

***បើសិនជាសង្គ្រាមរវាងរុស្ស៊ីនិងអង្គការណាតូកើតឡើងមែននោះ តើអ្នកណាជាអ្នកឈ្នះ?

គេមិនអាចធ្វើការសន្និដ្ឋានបានឡើយក្នុងពេលនេះ ប៉ុន្តែនៅជាមួយគ្នានេះ គឹត្រូវពិនិត្យមើល កម្លាំងទាំងសងខាងវិញ តើភាគីណាមានកម្លាំងអ្វីខ្លះ? បើមើលតាម របាយការណ៍តាមឯកសារ កងកម្លាំងណាតូហាក់ដូចជាមានប្រៀបជាងកម្លាំង របស់រុស្ស៊ីក្នុងក្របខណ្ឌលើកម្លាំងថ្មើរជើង។ អង្គការណាតូ ត្រូវគេរាយការណ៍ថា មានកម្លាំងទ័ពសារុបជិត៦លាននាក់ បើប្រៀបធៀបនឹងរុស្ស៊ី ដែលមានកម្លាំងទ័ពរបស់ខ្លួន ប្រមាណជាងមួយលាននាក់ ដែលម្នាក់ស្មើនឹងជិត៦នាក់។

ប៉ុន្តែរុស្ស៊ីមានប្រៀបនៅលើកម្រិតជាក់ស្តែង នៃចំនួនឧបករណ៍យោធា។ រុស្ស៊ីមានរថក្រោះ ជិត១៣ម៉ឺនគ្រឿង នោះគឺមានលើសអង្គការណាតូ ជាងមួយពាន់គ្រឿង និងរុស្ស៊ីក៏មានអាវុធកាំភ្លើងត្បាល់ច្រើនជាង អង្គការណាតូផងដែរ។ សេចក្តីរាយការណ៍បង្ហាញថាកាំភ្លើងផ្លោង Artillery របស់ណាតូមាន២ម៉ឺនគ្រឿង ចំណែកកាំភ្លើងផ្លោង Artillery របស់រុស្ស៊ីមានចំនួន ២ម៉ឺន៨ពាន់គ្រឿង។ ចំនួននេះ ក៏រាប់បញ្ចូលទាំងចំនួនមីស៊ីលបាញ់ផ្លោង Rocket Launchers រវាងភាគីទាំង២ផងដែរ ដែលរុស្ស៊ីមានច្រើន លើសអង្គការណាតូ។ ដូច្នេះ កម្លាំងឧបករណ៍ប្រ យុទ្ធនៅលើសមរភូមិដោយផ្ទាល់ រុស្ស៊ីមានប្រៀបលើសម្ភារៈនិងឧបករណ៍សឹកវាយប្រហរ។

ប៉ុន្តែបើប្រៀបធៀបនឹងកម្លាំងអាកាស អង្គការណាតូមានចំនួនច្រើនជាងរុស្ស៊ី។ ណាតូមាន យន្តហោះចម្បាំង ២ម៉ឺន៦៣៣គ្រឿង ចំណែករុស្ស៊ីមានចំនួន៤ពាន់១៨២គ្រឿង។ បើប្រៀបធៀបនឹងកម្លាំងជើងទឹកវិញ, ណាតូក៏មានប្រៀបច្រើនជាងរុស្ស៊ីផងដែរ។ សេចក្តីរាយការណ៍ បង្ហាញថាកម្លាំងកងនាវាជើងទឹករបស់ណាតូ មានជិត២ដងលើស កម្លាំងកងនាវាជើងទឹករុស្ស៊ី។ ប៉ុន្តែនៅមានចំណុចពិសេសមួយទៀត ដែលរុស្ស៊ីមានច្រើនជាង អង្គការណាតូនោះ គឺអាវុធនុយក្លេអ៊ែ័រ។ រុស្ស៊ីមានក្បាលអាវុធនុយក្លេអ៊ែ័រជិត ៦ពាន់ដើម ដែលចំនួននេះ ច្រើនជាងចំនួន ក្បាលអាវុធនុយក្លេអ៊ែ័ររបស់សមាជិក នៃអង្គការណាតូទាំងមូល ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, បារាំងនិងប្រទេសអង់គ្លេសផងដែរ។

ប្រទេសរុស្ស៊ីជាប្រទេស ដែលមានក្បាលអាវុធនុយក្លេអ៊ែ័រច្រើនជាងគេបំផុត ដែលអាចធ្វើឱ្យ ពិភពលោកទាំងមូល នឹងប្រឈមរងគ្រោះដោយសារតែអាវុធប្រល័យលោកនេះ។ ដូច្នេះបើ ទោះបីជាអង្គការណាតូមានប្រៀបខ្លះ លើឧបករណ៍យោធារុស្ស៊ីមួយចំនួនណាក៏ដោយ ប៉ុន្តែនឹងមិនអាចធ្វើឱ្យរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែ័រ ចុះញ៉មនឹងការធ្វើ សង្គ្រាមដាក់គ្នាទៅវិញទៅ មកបានឡើយ។

លោកពូទីនបានថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំដដែលទៀតថា ពលរដ្ឋភាគច្រើនលើសលប់របស់ រុស្ស៊ីបានគាំទ្ររូបលោកដើម្បីធ្វើ សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននិងលោកថាពលរដ្ឋរុស្ស៊ី ពេលនេះបានរួមគ្នាប្រឆាំងនឹងប្រទេសលោកខាងលិច ដែលព្យាយាមចង់បន្សាបឥទ្ធិពលរុស្ស៊ីនោះ។ អ្នកនាំក្រសួងការបរទេសអាមេរិក ក្រោយសម្តីព្រមានរបស់រុស្ស៊ី ដាក់មកលើប្រទេសលោកខាងលិច បានថ្លែងគេមិនទាន់ឃើញមាន សញ្ញាអ្វីណាមួយដែលបង្ហាញថាលោកពូទីននឹង ត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែ័រឡើយ។ លោកពូទីន ត្រូវគេកត់សម្គាល់ថាតែប្រើភាសាគំរាម ប្រើអាវុធនុយក្លេអ៊ែ័រជាច្រើនដង រួចមកហើយចាប់តាំងពីមានការផ្ទុះសង្គ្រាម នៅអ៊ុយក្រែនថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២២ នោះមក។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Matthew Miller បានថ្លែងថា «វាមិនមែនជាលើកដំបូងទេដែលគេបាន ឮសម្តីរបស់លោកពូទីនដែលបានថ្លែង គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែ័រនេះ»

រូបភាពពី Reuters