(ប៉េកាំង)៖ "គ្មានករណីណាមួយអាចបង្ហាញឱ្យឃើញ នូវការមិនពេញចិត្តយ៉ាងខ្លាំងរបស់ប្រជាជនចំពោះ គោលនយោបាយអាមេរិកទៅលើអ៊ីស្រាអែលទេ បើប្រៀបធៀបនឹងករណីទាហានអាមេរិកម្នាក់ដុតខ្លួនឯង នៅមុខស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល។" ទាហានអាមេរិកឈ្មោះAaron Bushnell បានធ្វើការតវ៉ាតាមរយៈ វិធីអាណោចអាធម្មបែបនេះ តើនៅពីក្រោយនេះមានអាថ៌កំបាំងអ្វីខ្លះ? មិត្តរបស់លោក Aaron Bushnell បានទម្លាយទៅកាន់ប្រព័ន្ធសារព័ត៌មានថា មួយថ្ងៃមុននឹងកើតករណីដុតខ្លួនឯង លោក Aaron Bushnell បានប្រាប់គាត់នូវរឿងផ្ទៃក្នុងយោធាជាច្រើន ហើយអះអាងថា "កងទ័ពអាមេរិកបានចូលរួមដោយផ្ទាល់ នូវការសម្លាប់ប្រល័យពូជសាសន៍មកលើជនជាតិប៉ាឡេស្ទីន"។

លើបណ្តាញទំនាក់ទំនងសង្គម អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតរបស់អាមេរិកជាច្រើន បានសម្តែងការអាណិតអាសូរ និងការយោគយល់ចំពោះលោក Aaron Bushnell ដោយបានថ្លែងថា លោកជា"សតិសម្បជញ្ញៈរបស់អាមេរិក" ហើយបានថ្កោលទោសរដ្ឋាភិបាលអាមេរិក ដែលត្រូវអៀនខ្មាសចំពោះគោលនយោបាយរបស់ខ្លួន ទៅលើអ៊ីស្រាអែល។

តាំងពីខែតុលា ឆ្នាំទៅមក ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី បានបណ្តាលឱ្យជនស៊ីវិលចំនួនជិត៣ម៉ឺននាក់ ស្លាប់បាត់បង់ជីវិត និងមនុស្សជិត២លាននាក់បាត់បង់ទីជម្រក។ ការប៉ះទង្គិចដោយបង្ហូរឈាមលើកនេះ បានសឱ្យឃើញនូវភាពបន្ទាន់ នៃការដោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលពីឬសគល់ ហើយក៏បានឆ្លុះបញ្ចាំងពីផលវិបាក ដែលបណ្តាលមកពីគោលនយោបាយលំអៀង លើអ៊ីស្រាអែលរបស់អាមេរិក ក៏ដូចជាពុតត្បុតនិងស្តង់ដារពីររបស់ "សិទ្ធិមនុស្សបែបអាមេរិក "។

"ជីវិតរបស់ប្រជាជនអ៊ីស្រាអែលគឺជីវិត ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនក៏ជាជីវិតផងដែរ"។ ក្នុងរយៈពេលយូរ រដ្ឋាភិបាលអាមេរិកតែងតែជួយតែម្ខាង រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល សហគមន៍អន្តរជាតិមើលឃើញច្បាស់ណាស់ ចំពោះរឿងនេះ។ បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មី សហគមន៍អន្តរជាតិមានការព្រួយបារម្ភ កាន់តែខ្លាំងក្លាចំពោះការប៉ះទង្គិចដែលបានឡើងកម្តៅជាបន្តបន្ទាប់ ហើយសម្លេងអំពាវនាវឱ្យបញ្ឈប់ ការផ្ទុះអាវុធកាន់តែលាន់ឮខ្ទរខ្ទា។ ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលដ៏សំខាន់ទៅលើមជ្ឈិមបូព៌ា តើអាមេរិកបានធ្វើយ៉ាងដូចម្តេច ?

ពីការចាត់បញ្ជូនកម្លាំងយោធាបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដល់ការផ្តល់ជំនួយយោធាយ៉ាងច្រើន ដល់អ៊ីស្រាអែល រហូតដល់ការរារាំងជាច្រើនលើកមិនឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្ត ស្តីពីបញ្ហាឈប់បាញ់គ្នានៅតំបន់កាហ្សា ទង្វើរបស់អាមេរិកហាក់ដូចជាចាក់សាំងលើភ្លើង បណ្តាលឱ្យស្ថានភាពមនុស្សធម៌ នៅតំបន់កាហ្សាមានភាពកាន់តែអាប់អួទៅជាបន្តបន្ទាប់ ហើយបានរុញច្រានស្ថានការណ៍តំបន់កាហ្សាធ្លាក់ ក្នុងសភាពកាន់តែគ្រោះថ្នាក់។

បើមើលឱ្យស៊ីជម្រៅអាចឃើញថា មូលហេតុដែលគិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតែ មិនអាចដោះស្រាយ បាតដៃខ្មៅពីក្រោយគឺអាមេរិកហ្នឹងឯង។ បញ្ញវន្តមជ្ឈិមបូព៌ាជាច្រើនរូបបានលើកឡើងថា ដោយគិតពិចារណាពីនយោបាយក្នុងស្រុក និងការគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកលំអៀង និងបណ្តែតបណ្តោយអ៊ីស្រាអែល ហើយបានបង្កភាពច្របូកច្របល់នៅមជ្ឈិមបូព៌ា។ រដ្ឋាភិបាលអាមេរិកអាណត្តិនេះ ធ្លាប់អះអាងថា នឹងគាំទ្រដោះស្រាយការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលតាមរយៈ "ផែនការប្រទេសពីរ " ប៉ុន្តែអាមេរិកមិនបានអនុវត្តជាប់រហូត ទីបំផុតបានបណ្តាលឱ្យផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មី។

ដើមឡើយ ការធ្វើយ៉ាងនេះក៏បានបង់តម្លៃយ៉ាងធ្ងន់ធ្ងរដែរ។ អ្នកនយោបាយអាមេរិកមិនត្រឹមតែ បានបាត់បង់ទំនុកចិត្ត ពីប្រជាជនក្នុងស្រុក នៅលើឆាកអន្តរជាតិ ក៏បានបាត់បង់សច្ចធម៌ផងដែរ។ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានរិះគន់ថា ទង្វើរបស់អាមេរិកបានបង្ហាញឱ្យច្បាស់ថា អាមេរិកត្រូវទទួលខុសត្រូវ ខាងនយោបាយនិងសីលធម៌ចំពោះការប៉ះទង្គិច ដែលកើតមានជាបន្តបន្ទាប់នៅតំបន់កាហ្សា។

ទាហានវ័យក្មេងអាមេរិករូបនេះ បានធ្វើការតវ៉ាដោយប្រើប្រាស់អាយុជីវិតរបស់ខ្លួន ដែលបានបង្ហាញសញ្ញាប្រកាសអាសន្ន ទៅកាន់អ្នកនយោបាយអាមេរិក។ កុំជាន់ឈ្លីលើសិទ្ធិមនុស្សដោយជ្រកក្រោមស្លាក "សិទ្ធិមនុស្ស" ទៀត កុំធ្វើឱ្យ "ផែនការប្រទេសពីរ" នៅសែនឆ្ងាយមិនអាចសម្រេចបាន អ្នកនយោបាយអាមេរិកគួរតែមានសតិសម្បជញ្ញៈខ្លះ៕

វិទ្យុមិត្តភាពកម្ពុជាចិន