(កៀវ)៖ មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បាននិយាយថា មានសញ្ញាកើនឡើងនូវការប្រើប្រាស់អាវុធ និងសម្ភារយោធាផលិតក្នុងស្រុក ខណៈដែលអ៊ុយក្រែនព្យាយាមពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំង ចំពោះមុខការខ្វះខាត ជំនួយយោធាលោកខាលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យអ៊ុយក្រែន ពង្រឹងឧស្សាហកម្មការពារជាតិក្នុងស្រុក ខណៈដែលខ្លួនត្រូវទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយប្រឈមហានិភ័យនៃការកាត់បន្ថយ ជំនួយពីសហរដ្ឋអាមេរិក។ បើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Ivan Havryliuk សម្ភារយោធាផលិតក្នុងស្រុក៤៦មុខ ត្រូវបានបញ្ជូនទៅឱ្យកងទ័ព អំឡុងពេល២ខែដំបូង នៃឆ្នាំ២០២៤នេះ ដែលជាសញ្ញាកើនឡើងថែមទៀត ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Ivan Havryliuk បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងកំពុងធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីឱ្យអ៊ុយក្រែនមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការផ្តល់​ដល់កងកម្លាំង​ការពារ​ជាតិ​ នូវ​អាវុធ​ចាំបាច់នានា»។ លោកក៏បានអំពាវដល់ដៃគូបរទេសជួយជំរុញការវិនិយោគ និងចូលរួមក្នុងការផលិតជាមួយក្រុមហ៊ុនអ៊ុយក្រែនថែមទៀត។

គួរបញ្ជាក់ថា អ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងជាច្រើនលើការផលិតរួមគ្នា ឬផ្លាស់ប្តូរបច្ចេកវិទ្យាជាមួយ សម្ព័ន្ធមិត្តលោកខាងលិច។ ថ្មីៗនេះ Rheinmetall ដែលជាក្រុមហ៊ុនដ៏ធំរបស់អាល្លឺម៉ង់ ឯកទេសផលិតគ្រាប់រំសេវ និងសំបករថក្រោះ បានប្រកាសថានឹងបើករោងចក្រគ្រាប់រំសេវមួយ នៅអ៊ុយក្រែន៕

រូបភាពពី Reuters