(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ ចិនបានចេញមុខថ្កោលទោសជាទម្ងន់ចំពោះ ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ អំលុងការចែកជំនួយ នៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនតក់ស្លុតជាខ្លាំង ដោយសារឧប្បត្តិហេតុខាងលើ និងថ្កោលទោសធ្ងន់ៗ ចំពោះសកម្មភាពនោះ ហើយទីក្រុងប៉េកាំងចូលរួមរំលែកទុក្ខសម្រាប់ជនរងគ្រោះ និងសូមបង្ហាញការអាណិតអាសូរ សម្រាប់អ្នកដែលបានរងរបួស។

លោកស្រី Mao ក៏បានបន្ថែមថា ជាថ្មីម្តងទៀត ទីក្រុងប៉េកាំងសូមទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ៉ីស្រាអែល បញ្ឈប់ការវាយប្រហារ ហើយបិទបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់, ប្រឹងប្រែងការពារសុវត្ថិភាពរបស់ជនស៉ីវិល, ធានាឱ្យមានការ​នាំយកជំនួយចូលទៅ Gaza និងចៀសវាងបង្កគ្រោះមហន្តរាយមនុស្សធម៌ កាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ក្រសួងសុខាភិបាល នៃតំំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កងទ័ពអ៉ីស្រាអែលនៅក្បែរទីក្រុងហ្កាហ្សា បានបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដែលបានឈរប្រមូលផ្តុំគ្នា ដើម្បីរង់ចាំ​ទទួលជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយជាលទ្ធផលមនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត និងជិត៣០០នាក់ បានរងរបួស។ យ៉ាងណាមិញ ខាងយោធាអ៉ីស្រាអែល បាននិយាយថា មានហេតុការណ៍រត់ជាន់គ្នា បានកើតឡើង នៅពេលមនុស្សរាប់ពាន់នាក់ បានចោមរោមក្បួនរថយន្តដឹកជំនួយចំនួន៣៨គ្រឿង រហូតដល់ថ្នាក់បង្កឱ្យមាន​អ្នកស្លាប់និងរបួស ជាច្រើននាក់បែបនោះ។ រីឯប្រភព​អ៉ីស្រាអែលមួយបានបង្ហើបថា កងកម្លាំងអ៉ីស្រាអែល បានបើកការបាញ់ប្រហារលើហ្វូងមនុស្ស ដោយសារមានការគំរាមកំហែងដល់ពួកគេ៕

រូបភាពពី AFP