(វែលីងតោន)៖ ជនរងគ្រោះនិងគ្រួសារសាច់ញាតិ ដែលបានរងផលប៉ះពាល់ ដោយសារហេតុការណ៍ផ្ទុះភ្នំភ្លើង នៅប្រទេសនូវែលសេឡង់ ដែលបានផ្តាច់ជីវិតមនុស្ស២២នាក់ កាលពីជាង៥ឆ្នាំមុន នាថ្ងៃសុក្រនេះ ឈ្នះបានប្រាក់សងជំងឺចិត្តសរុបចំនួន ១០ដុល្លារនូវែលសេឡង់ ឬស្មើនឹង៦លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៥។

ការផ្តល់ថវិកាចំណងខាងលើ នឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនចំនួន៥ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរសរុប៤៧នាក់ ទៅទស្សនា​ភ្នំភ្លើង White Island ដល់កន្លែងផ្ទាល់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដែលភ្នំភ្លើងនោះបានផ្ទុះឡើង។ ក្នុងចំណោម ​អ្នករួចរស់ជីវិតទាំង២៥នាក់ គឺជាច្រើននាក់ បានទទួលរងការលាកយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីបង់ប្រាក់សំណងដល់ជនរងគ្រោះ ម្ចាស់កោះភ្នំភ្លើងខាងលើ គឺក្រុមហ៊ុន Whakaari Management Limited និង White Island Tours រួមជាមួយក្រុមហ៊ុនឧទ្ធម្ភាគចក្រ Volcanic Air Safaris ដែលធ្វើប្រតិបត្តិការដឹកជញ្ជូន​ទេសចរ ទៅកាន់ភ្នំភ្លើងខាងលើ ត្រូវបានផាកពិន័យ។ ចំណែក វិទ្យាស្ថានឃ្លាំមើលសកម្មភាពភ្នំភ្លើង នៅនូវែលសេឡង់ GNS Science ក៏បានរងការពិន័យដូចគ្នាផងដែរ។

ចៅក្រមនៅទីក្រុង Auckland នៃកោះ North Island លោក Evangelos Thomas បាននិយាយថា ក្រុមហ៊ុនទាំងនេះ បានបរាជ័យក្នុងការវាយតម្លៃ និងកាត់បន្ថយហានិភ័យ ហើយភាពបរាជ័យនោះ បានបណ្តាលឱ្យមនុស្សជាច្រើននាក់ បាត់បង់ជីវិតនិងរងរបួសធ្ងន់ធ្ងរ។ បើតាមលោក Thomas ប្រាក់សំណងជាក់ស្តែង នឹងត្រូវកែសម្រួលបន្ថែមទៀត សម្រាប់ករណីមួយចំនួន ជាពិសេសក្នុងករណីដែលជនរងគ្រោះ បានបាត់បង់ឪពុក-ម្តាយ។

គួរបញ្ជាក់ថា ចាប់តាំងពីហេតុការណ៍សោកនាដកម្មខាងលើ ពុំមានកប៉ាល់ឬយន្តហោះដឹកទេសចរណា ត្រូវបានអនុញ្ញាតឱ្យ​ទៅកាន់កោះភ្នំភ្លើង White Island ទៀតឡើយ។ លោក Thomas បាននិយាយថា ជីវិតរស់នៅនៃជនរងគ្រោះជាច្រើន បានរងផលប៉ះពាល់ ដោយសារតែរបួសរបស់ពួកគេ៕

រូបភាពពី Reuters