(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបំបាក់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការលក់ យន្តហោះចម្បាំង F-16 និងសម្ភារសម្រាប់ធ្វើទំនើបកម្មតម្លៃសរុប ២៣ពាន់លានដុល្លារទៅឱ្យតួកគី ដែលរដ្ឋបាលលោក បៃដិន បានអនុម័ត ក្រោយពេលដែលតួកគី យល់ព្រមផ្តល់សច្ចាប័នលើកសមាជិកភាពណាតូ របស់ស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ ២០២៤។

ព្រឹទ្ធសភាបានបោះឆ្នោត ៧៩សំលេងគាំទ្រ ទល់នឹង ១៣សំលេងប្រឆាំង ចំពោះដំណោះស្រាយនៃការមិនយល់ព្រមលក់ ដែលផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក Rand Paul។ មុនពេលបោះឆ្នោត លោក Paul បានរិះគន់រដ្ឋាភិបាលតួកគី ហើយនិយាយថា ការអនុញ្ញាតឱ្យមានការលក់ នឹងធ្វើឱ្យអាកប្បករិយារបស់តួកគី កាន់តែមិនសមរម្យ។ ដោយឡែក ក្រុមអ្នកគាំទ្រវិញនិយាយថា វាសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ក្នុងការរក្សាពាក្យសម្តីខ្លួនឯង ចំពោះសម្ព័ន្ធមិត្តណាតូ។

គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បានជូនដំណឹងជាផ្លូវការទៅកាន់ព្រឹទ្ធសភា កាលពីថ្ងៃទី២៦ ខែមករា អំពីចេតនារបស់ខ្លួន ក្នុងការបន្តលក់យន្តហោះចម្បាំង F-16 ចំនួន ៤០គ្រឿងរបស់ក្រុមហ៊ុន Lockheed Martin និងសម្ភារសម្រាប់ធ្វើទំនើបកម្ម ៨០ឈុតទៅឱ្យតួកគី មួយថ្ងៃបន្ទាប់ពីតួកគី បានផ្តល់សច្ចាប័នពេញលេញលើសមាជិកភាពណាតូ របស់ស៊ុយអែត៕