(ឡុងដ៍)៖ របាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានរកឃើញថា សព្វថ្ងៃនេះ មនុស្សសរុបច្រើនជាង១ពាន់លាននាក់ហើយ នៅជុំវិញពិភពលោក ដែលកំពុងកើតជំងឺធាត់ជ្រុល ឬ obesity ដោយតួលេខនេះ បានកើនឡើង៤ដង បើធៀបទៅនឹងកាលពីឆ្នាំ១៩៩០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។

ការសិក្សាខាងលើដែលធ្វើឡើង ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កាលពី​ឆ្នាំ១៩៩០ គឺមនុស្សពេញវ័យ វ័យជំទង់ និងកុមារ ដែលកើតជំងឺធាត់ជ្រុល មានចំនួនប្រហែល២២៦លាននាក់ ខណៈតួលេខនេះ​បានកើនដល់ ១,០៣៨លាននាក់ នៅឆ្នាំ២០២២។ ស្របពេលក្រុមគ្រូពេទ្យ ដឹងថាចំនួនអ្នកកើតជំងឺធាត់ជ្រុល មានសន្ទុះកើនឡើង​យ៉ាងឆាប់រហ័សក៏ដោយ កន្លងមកចំនួនលើស១ពាន់លាននាក់នេះ ត្រូវបានគេរំពឹងថា ទាល់តែនៅឆ្នាំ២០៣០ឯណោះ ទើបកើនដល់។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវ បានវិភាគទៅលើរង្វាស់ទម្ងន់និងកម្ពស់ របស់មនុស្សជាង២២០លាននាក់ នៅតាមប្រទេស​សរុបលើស១៩០ មុនឈានដល់ការសន្និដ្ឋានខាងលើ។ ពួកគេបានប៉ាន់ស្មានថា ស្រ្តីពេញវ័យចំនួន៥០៤លាននាក់ និង​បុរសពេញវ័យ៣៧៤លាននាក់ បានកើតជំងឺធាត់កាលពីឆ្នាំ២០២២ ដោយអត្រាកើតជំងឺនេះ បានកើនជិត៣ដង សម្រាប់បុរស គឺ១៤ភាគរយ គិតចាប់តាំងពីឆ្នាំ១៩៩០ ហើយកើនជាងទ្វេដង សម្រាងប់ស្រ្តី គឺ១៨.៥ភាគរយ។ ក្នុងឆ្នាំដដែលនោះ កុមារ​និងក្មេងវ័យជំទង់ប្រមាណ១៥៩លាននាក់ ក៏បានស្ថិតក្នុងស្ថានភាពធាត់ជ្រុលផងដែរ ដែលកើនពីចំនួនត្រឹម៣១លាននាក់ កាលពីឆ្នាំ១៩៩០៕

រូបភាពពី AFP