(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃសុក្រនេះថា ទំនាក់ទំនងដែលត្រូវបាន​ធ្វើឱ្យប្រសើរឡើងជាមួយជប៉ុន កំពុងជួយទប់ស្កាត់ការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើង ហើយលោកបានអំពាវនាវទៅកាន់​សហគមន៍អន្តរជាតិ ឱ្យរួមគ្នាជួយសម្រេចឱ្យបាន នូវការបង្រួបបង្រួមជាតិជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ Reuters នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។

នៅក្រោមរដ្ឋាភិបាលអភិរក្សនិយមរបស់លោក Yoon ទីក្រុងសេអ៊ូលបានប្រឹងប្រែងព្យាយាម ធ្វើឱ្យចំណងទាក់ទងជាមួយនឹង​ទីក្រុងតូក្យូ ទទួលបានភាពប្រសើរឡើង បន្ទាប់ពីស្ថិតក្នុងភាពល្អក់កករអស់ជាច្រើនឆ្នាំ ដោយសារបញ្ហាជម្លោះប្រវត្តិសាស្រ្ត ចំពេលដែលប្រទេសចិនពង្រីកឥទ្ធិពលកាន់តែធំ ហើយការអភិវឌ្ឍនៃកម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានសន្ទុះជឿនលឿនយ៉ាងឆាប់រហ័ស។

អំឡុងសុន្ទរកថា នាឱកាសទិវានៃការបង្កើតចលនាទាមទារឯករាជ្យ ពីការត្រួតត្រារបស់ជប៉ុនលើឧបទ្វីបកូរ៉េ ឆ្នាំ១៩១០-១៩៤៥ លោក Yoon បាននិយាយថា នៅឆ្នាំក្រោយនេះ នឹងជាខួបទី៦០ នៃការស្តារទំនាក់ទំនងការទូតឡើងវិញជាមួយជប៉ុន ហើយ​លោកសង្ឃឹមថា វានឹងអាចបម្រើជាឱកាសមួយ សម្រាប់ឱ្យចំណងទ្វេភាគីឈានដល់ កម្រិតកាន់តែខ្ពស់ថែមទៀត។

លោក Yoon បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ កូរ៉េខាងត្បូងនិងជប៉ុន កំពុងធ្វើការជាមួយគ្នា ដើម្បីជម្នះការឈឺចាប់​ពីអតីតកាល ហើយដើរឆ្ពោះទៅរកពិភពលោកថ្មីមួយ។ កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ ប្រឆាំងការគំរាមកំហែងនៃមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានពង្រឹងបន្ថែមទៀត»។លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបន្ថែមផងដែរថា ទីក្រុងសេអ៊ូលនឹងត្រូវការការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ដើម្បីបង្កើតលទ្ធភាពនៃការបង្រួបង្រួមជាតិ ជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា យ៉ាងណាមិញ ការអត្ថាធិប្បាយដូចខាងលើរបស់លោក Yoon ធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមករា ដើមឆ្នាំនេះ បានហៅកូរ៉េខាងត្បូងជាសត្រូវចម្បង ហើយបាននិយាយថា ការបង្រួបបង្រួមគ្នាវិញ គឺលែងអាចទៅរួចទៀតហើយ៕

រូបភាពពី Reuters