(ហ៊្សេរុយសាឡិម)៖ ប្រធាននៃទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វាមិនសមហេតុផលទេក្នុងការគិតថា ងាយស្រួលរកភ្នាក់ងារផ្សេងទៀតមកជំនួស UNRWA។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ ២០២៤។

លោក Lazzarini បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ៊្សេរុយសាឡិម យ៉ាងដូច្នេះថា «វាអាចជាការគិតឃើញខ្លីបន្តិចថា គ្រាន់តែប្រគល់បេសកម្មទាំងអស់របស់ UNRWA តាមបច្ចេកទេស ទៅឱ្យភ្នាក់ងារ ឬអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ហើយអាចធ្វើការបាននោះ។

ដោយចង្អុលបង្ហាញលើការអប់រំ លោក Lazzarini បានបន្ថែមថា «គ្មាននរណាអាចជំនួសបានទេ បើយើងនិយាយពីមុខងារ និងតួនាទីរដ្ឋបាល ដែលអាចផ្តល់ការអប់រំផ្ទាល់ដល់គ្រប់កម្រិតថ្នាក់រៀន និងតាមក្បួនខ្នាត។ នៅហ្គាហ្សា យើងកំពុងផ្តល់ប្រតិបត្តិការដល់សហគមន៍មនុស្សធម៌ដែលសេសសល់។ ប្រសិនបើ UNRWA ត្រូវចាកចេញពីហ្គាហ្សា នោះសមត្ថភាពឆ្លើយតបចំពោះតម្រូវការមនុស្សធម៌ នឹងចុះខ្សោយមិនធ្លាប់មានពីមុនមក»

គួរបញ្ជាក់ថា គួរបញ្ជាក់ថា UNRWA ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៩ ដោយមានបុគ្គលិកប្រហែល ៣០,០០០នាក់នៅដែនដីប៉ាឡេស្ទីន រួមទាំង ១,៣០០នាក់ក្នុងតំបន់ហ្គាហ្សា ក៏ដូចជាប្រទេសក្បែរខាងនោះ គឺហ៊្សកដានី លីបង់ និងស៉ីរី។ បន្ទាប់ពីបុគ្គលិកមួយចំនួន ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាលើអ៉ីស្រាអែល កាលពីទី៧ ខែតុលា ម្ចាស់មូនិធិធំៗបានផ្អាកការផ្តល់ជំនួយ នាំឱ្យទីភ្នាក់ងារនេះត្រូវប្រឈមមុខនឹងការខ្វះខាត ដែលប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួន៕

រូបភាពពី AFP