(ដាកា)៖ អគ្គិភ័យដ៏សម្បើមបានឆាបឆេះអគារមួយមានកម្ពស់ ៦ជាន់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែសបានសម្លាប់មនុស្ស យ៉ាងហោច ៤៣នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមអ្នកពន្លត់អគ្គិភ័យ អគ្គិភ័យមានប្រភពឆេះចេញពីភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពមួយស្ថិតនៅតាមបណ្ដោយផ្លូវ Bailey Road ក្នុងរដ្ឋធានីដាកា កាលពីយប់ ថ្ងៃព្រហស្បតិ៍ ហើយបានឆេះរាលដាលភ្លាមៗទៅជាន់ផ្សេងទៀត។ រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក Samanta Lal Sen បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី១ ខែមីនានេះថាមនុស្សយ៉ាងហោច ៤៣នាក់បានស្លាប់ និង២២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួសរលាកធ្ងន់ធ្ងរដោយសារភ្លើង។

តែភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យនេះកើតឡើងនោះទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានចាយពេល២ម៉ោង ដើម្បីគ្រប់គ្រង ស្ថានការណ៍ និងពន្លត់ភ្លើងឆេះ៕

រូបភាពពី Reuters