(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈបានថ្កោលទោសការព្រមានរបស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពីហានិភ័យនៃការ ផ្ទុះសង្រ្គាមនុយក្លេអ៊ែរថាគ្មានទំនួលខុសត្រូវ ប៉ុន្តែបញ្ជាក់ថាមិនមានសញ្ញានៃហានិភ័យធ្ងន់ធ្ងរណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ដូច្នេះថា «នេះមិនមែនជាលើកទី១នោះទេដែលយើង បានឃើញវោហារសាស្ត្រគ្មានទំនួលខុសត្រូវពីលោក វ្ល៉ាឌីមៀ ពូទីន។ នេះមិនមែនជាអ្វីដែលមេដឹកនាំរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរម្នាក់ត្រូវនិយាយនោះទេ»។ លោក បន្ថែមថា «សហរដ្ឋអាមេរិកបានទំនាក់ទំនងទាំងលក្ខណៈឯកជន និងដោយផ្ទាល់ជាមួយរុស្ស៉ីអំពីផលវិបាកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែយើងមិនបានឃើញពី សញ្ញាណាមួយថារុស្ស៉ីកំពុងត្រៀមលក្ខណៈប្រើអាវុធនុយក្លេអ៊ែរនោះឡើយ»

គួរបញ្ជាក់ថា លោក ពូទីន ក្នុងសុន្ទរកថាមួយទៅកាន់សភា និងប្រជាជាតិរុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមានលោកខាងលិចពីផលវិបាកដ៏មហន្តរាយ ក្នុងករណីដែលប្រទេសជាសមាជិក NATO ណាមួយបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ ការព្រមានបែបនេះរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនទៅកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន។ តែសម្ព័ន្ធមិត្តលោកខាងលិចដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាដើម បានបញ្ជាក់ថាពួកគេគ្មានផែនការបញ្ជូនទ័ពទៅជួយអ៊ុយក្រែននោះទេ៕

រូបភាពពី Reuters