(វ៉ាស៊ីនតោន)៖ រដ្ឋសភា និងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាបណ្ដោះអាសន្នមួយ ដើម្បីបញ្ចៀសការបិទដំណើរការផ្នែកខ្លះរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីព្រាងច្បាប់ថវិកាបណ្ដោះអាសន្នខាងលើត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ក្នុងសំឡេងគាំទ្រ ៧៧ ទល់នឹង ១៣សំឡេងជំទាស់ និងដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ក្នុងសំឡេងគាំទ្រ៣២០ ទល់នឹង៩៩សំឡេងជំទាស់ ហើយក្នុងនោះមានសមាជិករដ្ឋសភា មកពីបក្សសារធារណរដ្ឋ១១៣នាក់បោះឆ្នោតគាំទ្រ និង៩៧នាក់បោះឆ្នោតប្រឆាំង។ សេចក្ដីព្រាងច្បាប់ថវិការបណ្ដោះអាសន្ននេះនឹងត្រូវបញ្ជូនបន្តទៅកាន់ប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាឱ្យក្លាយជាច្បាប់ជាផ្លូវការ។

គួរបញ្ជាក់ថា ខណៈសភាទាំង២ នៅមិនទាន់ឯកភាពគ្នាលើការអនុម័តសេចក្ដីព្រាងច្បាប់ថវិការយៈពេល ១២ខែ កញ្ចប់ថវិកាដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវបានប្រើប្រាស់ជាបណ្ដោះអាសន្នរយៈពេលខ្លីប៉ុណ្ណោះ ដែលអាចនឹងផុតសុពលភាពនៅថ្ងៃទី៨ និងថ្ងៃទី២២ ខែមីនា។ ការបិទដំណើរការផ្នែកខ្លះរបស់រដ្ឋាភិបាល អាមេរិកដំបូងឡើយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមីនានេះ ប្រសិនបើមិនមានការអនុម័តកញ្ចប់ថវិកាទេនោះ៕

រូបភាពពី Reuters