(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់តំណាងរាស្ត្រអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈថាអ៉ីស្រាអែល បានសម្លាប់ស្ត្រី និងកុមារប៉ាឡេស្ទីន លើស២៥០០០នាក់ ចាប់តាំងពីខែតុលាឆ្នាំមុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងការសាកសួរពីគណៈកម្មាធិការសេវាកម្មអាវុធនៃរដ្ឋសភាអាមេរិក អំពីតួលេខស្ត្រី និងកុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយទាហានអ៉ីស្រាអែល។ លោក Austin បានគូសបញ្ជាក់យ៉ាងខ្លីថា ស្ត្រី និងកុមារប៉ាឡេស្ទីនដែលត្រូវបាន សម្លាប់ដោយទាហានអ៉ីស្រាអែលមានលើស ២៥០០០នាក់។ ប៉ុន្តែ ក្រោយការលើកឡើងរបស់លោក Austin អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានបញ្ជាក់ថាតួលេខផ្ដល់ដោយលោករដ្ឋមន្ត្រីការពារជាតិ គឺផ្អែកលើតួលេខរបស់ក្រសួងសុខាភិបាលហ្កាហ្សាដែលបានបញ្ជាក់ថាមាន កុមារ និងស្រ្តីលើស ២៥០០០នាក់ត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា។ លោកស្រី Sabrina បន្ថែមថាសហរដ្ឋអាមេរិកមិនទាន់អាចផ្ទៀងផ្ទាត់តួលេខ អ្នកស្លាប់ និងរងរបួសក្នុងតំបន់ហ្កាហ្សាបាននៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថាចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ក្នុង សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសអូសបន្លាយពេលជិត៥ខែមកនេះ បានកើនលើស ៣០ ០០០នាក់ហើយ៕

រូបភាពពី​ Reuters