(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនៅក្បែរទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៤នាក់ និង ២៨០ នាក់ផ្សេងទៀតរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ​គ្មាន​ព័ត៌មាន​អំពី​ការ​ទម្លាក់​គ្រាប់បែក​នៅ​កន្លែង​នោះ​ទេ។ ក្រោយមក កងទ័ពបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសដោយសារការរុញច្រាន និងរត់ជាន់គ្នា នៅពេលដែលរថយន្តជំនួយបានមកដល់ភាគខាងជើងហ្គាហ្សា។

ប្រភព​អ៊ីស្រាអែល​មួយ​បាន​និយាយ​ថា កងកម្លាំង​បាន​បើក​ការ​បាញ់​ប្រហារ​លើ «មនុស្ស​ជា​ច្រើន» នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​ពួក​គេ។

ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា ខ្លួន «ថ្កោលទោសការសម្លាប់រង្គាលដ៏សាហាវឃោរឃៅ ដែលបានប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែលនៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលកំពុងរង់ចាំរថយន្តជំនួយក្បែររង្វង់មូល Nabulsi»។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៅហ្គាហ្សា លោក Ashraf Al-Qudra បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូល Nabulsi ភាគខាងលិចនៃទីក្រុងហ្គាហ្សា។

ក្រុមហាម៉ាស់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះអាចនាំទៅដល់ការបរាជ័យនៃកិច្ចពិភាក្សា ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

សេចក្តីថ្លែងការណ៍បាននិយាយថា «ការចរចាដែលធ្វើឡើងដោយមេដឹកនាំនៃចលនានេះ មិនមែនជាដំណើរការបើកចំហ ដែលត្រូវចំណាយឈាមរបស់ប្រជាជនរបស់យើងទេ» ដោយបន្ថែមថា អ៊ីស្រាអែលនឹងទទួលខុសត្រូវ ចំពោះការបរាជ័យណាមួយនៅក្នុងកិច្ចចរចា៕