(ជីស៊ីណូ)៖ ក្រុមឧទ្ទាមគាំទ្ររុស្ស៉ី ក្នុងតំបន់ផ្ដាច់ខ្លួន Transnistria នៅក្នុងប្រទេសម៉ុលដាវី កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈបានអំពាវនាវឱ្យរុស្ស៉ីការពារតំបន់របស់ពួកគេ ពីអ្វីដែលពួកគេ ហៅថាការគំរាមកំហែងពីរដ្ឋាភិបាលម៉ុលដាវី ចំពោះមុខការព្រួយបារម្ភថា ដែនដីមួយនេះអាចនឹងក្លាយជាចំណុចក្ដៅថ្មីមួយនៅក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ ជាមួយអ៊ុយក្រែនដែលមាន ព្រំដែនជាប់ម៉ុលដាវី។ តំបន់ផ្ដាច់ខ្លួន Transnistria បានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមគាំទ្ររុស្ស៉ី ចាប់តាំងពីការរលំរលាយអតីតសហភាពសូវៀត។ ប៉ុន្តែអន្តរជាតិ បានទទួលស្គាល់ថាតំបន់នេះជាផ្នែកមួយនៃទឹកដីរបស់ម៉ុលដាវី។

កាលពីឆ្នាំ២០០៦ តំបន់ផ្ដាច់ខ្លួន Transnistria បានរៀបចំសម័យប្រជុំសភាមួយ ដោយនៅពេលនោះ សមាជិកសភាបានប្រកាសពីការរៀបចំការបោះឆ្នោតប្រជាមតិមួយ ដើម្បីធ្វើ សមាហរណកម្មជាមួយរុស្ស៉ី ហើយលទ្ធផលបោះឆ្នោតបង្ហាញពីការគាំទ្រភាគច្រើនលើសលប់ឱ្យតំបន់នេះក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី។ តែរុស្ស៉ីមិនបានទទួលយកសំណើនេះទេ នៅពេលនោះ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នោះគឺថាការអំពាវនាវសុំជំនួយពីទីក្រុងមូស្គូនៅពេលនេះ បានធ្វើឱ្យគេនឹកឃើញដល់ពេលមួយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែល ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន បានអំពាវនាវស្វែងរកការការពារពីរុស្ស៉ីប្រឆាំងនឹងអ្វីដែលពួកគេបានហៅថាការវាយប្រហារ និងការផ្លោងគ្រាប់ឥតឈប់ឈរ ពីសំណាក់កងកម្លាំងអ៊ុយក្រែន។ ក្នុងខែកុម្ភៈ ឆ្នាំដដែលនោះដែរ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលឈ្លានពានអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស ហើយ សង្រ្គាមបានអូសបន្លាយមកទល់នឹងសព្វថ្ងៃ។

* អ្វីទៅជាតំបន់ Transnistria?
Transnistria ជាតំបន់តូចមួយនៅក្នុងប្រទេសម៉ុលដាវី និងសម្បូរដោយប្រជាជននិយាយភាសារុស្ស៉ីរស់នៅ។ តំបន់នេះប្រៀបដូចជាសាច់កៀបនៅចំកណ្ដាលនំប៉័ងសាន់វ៉ិចរវាងម៉ុលដាវី និងព្រំដែនអ៊ុយក្រែន។ Transnistria បានផ្ដាច់ខ្លួនដោយឯកតោភាគីចេញពីម៉ុលដាវី នៅបន្ទាប់ពីការរលំរលាយនៃអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៉ី ក្នុងតំបន់នេះបានធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលម៉ុលដាវីគាំទ្រលោកខាងលិចក្នុងឆ្នាំ១៩៩២ ដោយបន្សល់ទុកមនុស្សរាប់រយនាក់បាត់បង់ជីវិត រីឯរុស្ស៉ីចូលធ្វើអន្តរាគមន៍យោធាដោយឈរ នៅខាងក្រុមឧទ្ទាមផ្ដាច់ខ្លួន។ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនមក ម៉ុលដាវីបានចោទប្រកាន់ និងបង្ហាញការព្រួយបារម្ភថារុស្ស៉ីអាចនឹងប្រើប្រាស់តំបន់ Transnistria ដើម្បីបើកសមរភូមិសង្រ្គាមថ្មីមួយទៀតទៅទិសនិរតី ពោលគឺឆ្ពោះទៅកាន់ទីក្រុងអូដេសា ក្នុងប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ មូស្គូក៏រងការចោទប្រកាន់ដែរថាកំពុងព្យាយាមបង្ក អស្ថរិភាពក្នុងប្រទេសម៉ុលដាវី។ ប៉ុន្តែរុស្ស៉ី បានច្រានចោលការចោទប្រកាន់ទាំងនេះ រីឯមេដឹកនាំផ្ដាច់ខ្លួនគាំទ្ររុស្ស៉ីបានចោទប្រកាន់ថាទីក្រុងកៀវ មានផែនការវាយប្រហារលើតំបន់ Transnistria ទៅវិញ។

* ហេតុអ្វី Transnistria ស្នើសុំការការពារពីរុស្ស៉ី?
មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយទទួលស្គាល់តំបន់ Transnistria នោះទេ ជាទីដែលរុស្ស៉ីបានរក្សាវត្តមានកងទ័ពអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ បច្ចុប្បន្ន រុស្ស៉ីបាន ដាក់ពង្រាយកងទ័ព ១៥០០នាក់ឱ្យឈរជើងក្នុងតំបន់នេះ។ ចាប់តាំងពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនផ្ទុះឡើងមក វាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃតំបន់ Transnistria។ ជាក់ស្ដែង នៅក្នុងដំណោះស្រាយមួយដែលត្រូវបានអនុម័ត សភាតំបន់ Transnistria បាននិយាយថារដ្ឋាភិបាលម៉ុលដាវី ក្នុងទីក្រុង ជីស៊ីណូ (Chisinau) បានបង្កើនការដាក់សម្ពាធ យ៉ាងខ្លាំង តាមរយៈការធ្វើសង្រ្គាមសេដ្ឋកិច្ចប្រឆាំងនឹងតំបន់របស់ខ្លួន ដោយបានបិទខ្ទប់កំពង់ផែសំខាន់ៗ ក្នុងគោលបំណងប្រែក្លាយតំបន់នេះទៅជាតំបន់ដ៏ក្រីក្របំផុតមួយ។

មែនទែនទៅ អ៊ុយក្រែនក៏បានបិទព្រំដែនរបស់ខ្លួនជាមួយតំបន់ Transnistria ដែរ ក្រោយសង្រ្គាមផ្ទុះឡើង ដែលនេះបានបង្កការខាតបង់ ១ភាគ៤ នៃពាណិជ្ជកម្មរបស់តំបន់មួយនេះ។ ខណៈនៅតែបន្តទទួលបានឧស្ម័នដោយឥតគិតថ្លៃពីរុស្ស៉ី កិច្ចព្រមព្រៀងអនុញ្ញាតឱ្យឧស្ម័នហូរឆ្លងកាត់អ៊ុយក្រែននឹងអស់សុពលភាពនៅខែធ្នូខាងមុខ ហើយគ្មានការធានាណាមួយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបន្តសុពលភាពទៀតនោះទេ។ ម្យ៉ាងទៀត សង្រ្គាមនៅអ៊ុយក្រែន ក៏បានជំរុញឱ្យរដ្ឋាភិបាលម៉ុលដាវី ព្យាយាមដោះស្រាយជម្លោះយូរអង្វែងមកនេះជាមួយតំបន់ Transnistria ដែរ។ ចំណែក សហភាពអឺរ៉ុបវិញ ជាការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ីបានផ្ដល់ឋានៈជាបេក្ខជនសមាជិកសហភាពអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២២ និងកាលពីខែធ្នូ ឆ្នាំ២០២៣ បានបើកភ្លើងបៃតងក្នុងការចាប់ផ្ដើមកិច្ចចរចាស្ដីពីការចូលជាសមាជិករបស់ម៉ុលដាវី។

ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu ធ្លាប់បានបញ្ជាក់ថាលោកស្រីមានឆន្ទៈចង់ឱ្យម៉ុលដាវីចូលរួមជាមួយសហភាពអឺរ៉ុបដោយមិនចាំបាច់មានតំបន់ Transnistria ទេ។ តែ ការបង្រួបបង្រួមណាមួយជាមួយ Transnistria ក៏អាចជួយសម្រួលដល់ការនីតិវិធីចូលជាសមាជិកសហភាពអឺរ៉ុបដែរ។ តាមអត្ថបទមួយចេញផ្សាយដោយវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យុទ្ធសាស្ត្ររបស់ម៉ុលដាវីនៅពេលនេះ នោះគឺពន្លឿននីតិវិធីចូលជាសមាជិកសហភាពអឺរ៉ុប តាមរយៈការ ធ្វើឱ្យជីវភាពរស់នៅក្នុងតំបន់ Transnistria មានការលំបាកតាមដែលអាចធ្វើទៅបាន។ ក្រោមយុទ្ធសាស្ត្រនេះ ម៉ុលដាវីបានលុបចោលការបន្ធូរបន្ថាយពន្ធគយលើបណ្ដាក្រុមហ៊ុនក្នុងតំបន់ Transnistria កាលពីខែមករាកន្លងទៅ ដោយបង្ខំឱ្យពួកគេបង់ពន្ធទៅឱ្យទាំង Transnistria និងម៉ុលដាវី។ លោក Dumitru Minzarari ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មកពី សាកលវិទ្យាល័យ Baltic Defense College បានប្រាប់ទូរទស្សន៍ CNN ថាការសម្រេចចិត្តរបស់តំបន់ Transnistria ក្នុងការបើកសម័យប្រជុំពិសេសសភាដ៏កម្រ គឺមានជាប់ពាក់ព័ន្ធ ដោយផ្ទាល់នឹងការអនុវត្តកាតព្វកិច្ចហូតពន្ធឡើងវិញរបស់ម៉ុលដាវី។ «តាមរយៈការផ្ដល់ឱ្យតំបន់ផ្ដាច់ខ្លួននូវការអនុគ្រោះពន្ធ រដ្ឋាភិបាលម៉ុលដាវីហាក់ដូចជាបានផ្ដល់ហិរញ្ញវត្ថុដោយ ប្រយោលទៅឱ្យអាជ្ញាធរផ្ដាច់ខ្លួនក្នុងទីក្រុង Tiraspol»។ នេះជាការគូសបញ្ជាក់របស់លោក Minzarari ដោយបន្ថែមថាការអនុគ្រោះបែបនេះមិនអាចធ្វើទៅទៀតបានទេ។

តាមលោក Minzarari ជម្លោះណាមួយនឹងបង្កើតឱកាសសម្រាប់អាជ្ញាធររុស្ស៉ីទាញយកប្រយោជន៍នៅក្នុងស្ថានការណ៍វឹកវរ។

* អ្វីទៅជាចំណាប់អារម្មណ៍របស់រុស្ស៉ី នៅម៉ុលដាវី?
វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (Institute for the Study of War) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានព្រមាននៅក្នុងរបាយការណ៍មួយចេញផ្សាយ កាលពីសប្ដាហ៍មុនថា «វិមានក្រឹមឡាំង កំពុងព្យាយាមប្រើប្រាស់តំបន់ Transnistria ជាតួអង្គតំណាង ឬ proxy គ្រប់គ្រងដោយរុស្ស៉ី ដើម្បីសាកល្បងប្រើប្រាស់តំបន់នេះបង្អាក់ ឬរារាំងនីតិវិធីចូលជាសមាជិក សហភាពអឺរ៉ុបរបស់ម៉ុលដាវី និងប្រើជាប្រយោជន៍ជាច្រើនផ្សេងទៀត»។ យល់ឃើញដូចគ្នានេះដែរ លោកស្រី Ivana Stradner មកពីវិទ្យាស្ថាន Foundation for the Defense of Democracies ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «លោក ពូទីន ប្រហែលជាកំពុងយល់ថាខណៈលោកខាងលិចកំពុងត្រូវបានទាញចំណាប់អារម្មណ៍ចេញពីអ៊ុយក្រែន ដោយសារតែ វិបត្តិនៅមជ្ឈិមបូព៌ា ការបោះឆ្នោតនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោកអាចបង្កើនភាពតានតឹងបន្ថែមក្នុងតំបន់ Transnistria ដោយតួអង្គតំណាងរបស់លោក ហើយបង្ហាញថា លោកខាងលិចនឹងមិន ឬមិនអាចការពារម៉ុលដាវីនោះទេ»។

អតីតមេបញ្ជាការទទួលបន្ទុកយោធាភូមិភាគកណ្ដាលរបស់រុស្ស៉ី លោកឧត្តមសេនីយ៍ទោ Rustam Minnekaev ធ្លាប់បាននិយាយថាគោលដៅមួយក្នុងចំណោមគោលដៅនៃសង្រ្គាមរបស់ លោក ពូទីន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស នោះគឺការបង្កើតច្រករបៀងមួយឆ្លងកាត់ភាគខាងត្បូងអ៊ុយក្រែន ទៅកាន់តំបន់ Transnistria។ អ៊ុយក្រែន បានបង្អាក់ភាពជឿនលឿន របស់កងទ័ពរុស្ស៉ីក្នុងតំបន់ Kherson ដែលស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រពីតំបន់ Transnistria ក៏ពិតមែន តែក្រុមអ្នកវិភាគលោកខាងលិចនៅតែយល់ថារុស្ស៉ី មិនបានបោះបង់ចោល គោលបំណងរបស់ខ្លួននៅម៉ុលដាវីនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃកងកម្លាំងរុស្ស៉ី មិនទាន់អាចគ្រប់គ្រងតំបន់ភាគខាងត្បូងអ៊ុយក្រែនទាំងមូលនៅឡើយទេ ដោយក្នុងនោះតំបន់ Kherson, Mykolaiv និង Odesa នៅតែស្ថិតក្នុងដៃអ៊ុយក្រែន។

គួរបញ្ជាក់ថា តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា «ការការពារផលប្រយោជន៍នៃប្រជាជនក្នុងតំបន់ Transnistria ជនរួមជាតិរបស់យើង គឺជាអាទិភាព មួយក្នុងចំណោមអាទិភាពជាច្រើនទៀតរបស់រុស្ស៉ី» ខណៈសហរដ្ឋអាមេរិកថាខ្លួនកំពុងតាមដានស្ថានការណ៍នៅម៉ុលដាវីយ៉ាងយកចិត្តទុកដាក់៕