(មូស្គូ)៖ ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់ប្រជាជនរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានអំពីហានិភ័យ «ពិតប្រាកដ» នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើលោកខាងលិច បង្កើនជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា ទាហានរបស់លោកកំពុងឈានទៅមុខក្នុងប្រទេសអ៊ុយក្រែន ហើយបានព្រមានលោកខាងលិចថា ប្រទេសណាដែលហ៊ានបញ្ជូនកងទ័ពទៅកាន់ទីក្រុងគៀវ នឹងប្រឈមមុខនឹង «ផលវិបាកដ៏សោកសៅ»

លោក ពូទីន បានថ្លែងដូច្នេះថា «ពួកគេបានប្រកាសពីលទ្ធភាព នៃការបញ្ជូនអង្គភាពយោធាលោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន...ប៉ុន្តែពួកគេត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារគោលដៅនៅលើទឹកដីរបស់ពួកគេផងដែរ។ អ្វីគ្រប់យ៉ាងដែលលោកខាងលិចកំពុងធ្វើ បានបង្កើនការគំរាមកំហែងពិតប្រាកដ នៃជម្លោះដោយប្រើអាវុធនុយក្លេអ៊ែរ ដែលអាចបំផ្លាញអរិយធម៌»

ការអត្ថាធិប្បាយរបស់គាត់បែបនេះ ហាក់ដូចជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីដើមសប្តាហ៍នេះ អំពីលទ្ធភាពក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដែលជាជំហរមួយដែលត្រូវបានច្រានចោលយ៉ាងឆាប់រហ័ស ដោយមេដឹកនាំអឺរ៉ុបផ្សេងទៀត។

មេដឹកនាំលោកខាងលិចបានរិះគន់ លោ​ក ពូទីន ម្តងហើយម្តងទៀត ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការប្រើប្រាស់វោហាសាស្ត្រនុយក្លេអ៊ែរដោយមិនប្រុងប្រយ័ត្ន។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក ពូទីន ហាក់ដូចជាបន្ធូរបន្ថយការគំរាមកំហែងនុយក្លេអ៊ែររបស់គាត់ បន្ទាប់ពីដកប្រទេសរុស្ស៊ីចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក
ប៉ុន្តែការព្រមានថ្មីនេះកើតឡើងនៅពេលដែលវិមានក្រឹមឡាំង ត្រូវបានលើកទឹកចិត្តដោយការមានប្រៀបនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ខណៈសេដ្ឋកិច្ចរុស្ស៉ីក៏មានភាពធន់នឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបផងដែរ៕

រូបភាពពី Reuters