(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នេះថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់ នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយបានអំពាវនាវឱ្យមានការស៊ើបអង្កេត ហើយដាក់ទោសចំពោះអ្នកដែលបានប្រព្រឹត្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Türk បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវដូច្នេះថា «ភាគីទាំងអស់បានប្រព្រឹត្តការរំលោភយ៉ាងច្បាស់លាស់ លើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងឧក្រិដ្ឋកម្មសង្គ្រាម និងអាចជាឧក្រិដ្ឋកម្មផ្សេងទៀតនៅក្រោមច្បាប់អន្តរជាតិផងដែរ»

លោក Türk ដែលកំពុងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយថា ការិយាល័យរបស់គាត់បានកត់ត្រា «ករណីជាច្រើនដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងដៃរបស់កងកម្លាំងអ៊ីស្រាអែល»

លោក​បាន​និយាយ​ទៀតថា​ មាន​ការ​បង្ហាញ​ផង​ដែរ​ថា​ កងកម្លាំង​អ៊ីស្រាអែលក៏​បាន​ចូលរួម​ក្នុង​ «ការ​កំណត់​គោលដៅវាយប្រហារដោយ​មិន​រើសមុខ ​ឬ​មិន​សមាមាត្រ​» ដោយ​បំពាន​ច្បាប់​អន្តរជាតិ។

ទន្ទឹមនឹងនោះ លោកចង្អុលបង្ហាញថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលបាញ់មីស៊ីលមិនរើសមុខ នៅទូទាំងភាគខាងត្បូងអ៊ីស្រាអែល ហើយការចាប់ចំណាប់ខ្មាំង ក៏បំពានច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា កាលពីខែមុន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន និងធ្វើបន្ថែមទៀតដើម្បីជួយជនស៊ីវិល ប៉ុន្តែមិនបានបញ្ជាឱ្យឈប់បាញ់នោះទេ៕

រូបភាពពី Reuters