(ប៉េកាំង)៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថ្លែងថា កូរ៉េខាងជើងគឺជាកន្លែងមួយនៃទីកន្លែងជួយផលិត អាវុធនិងគ្រាប់រំសេវដល់រុស្ស៊ី ក្នុងការធ្វើសង្គ្រាមក្នុងទឹកដីអ៊ុយក្រែន។ សេចក្តីរាយការណ៍ បង្ហើបព័ត៌មានសម្ងាត់យោធានេះ បានទន្ទឹមនឹងស្ថានការណ៍សង្គ្រាម ក្នុងអ៊ុយក្រែនដែលទាហានរដ្ឋាភិបាលក្រុងគៀវ កាន់តែស្បើយនឹងអាវុធយុទ្ធភណ្ឌ ប៉ុន្តែរុស្ស៊ីនៅតែមានអាវុធបាញ់ មិនខ្វះខាតនៅឡើយ។

រោងចក្រផលិតអាវុធរបស់កូរ៉េខាងជើងត្រូវគេរាយកាណ៍ថា "កំពុងដំណើរការពេញសមត្ថភាព" ដើម្បីផលិតគ្រឿងសព្វាវុធ និងគ្រាប់ផ្លោងសម្រាប់រុស្ស៊ី។ អំណះអំណាងនេះបានធ្វើដោយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងខណៈសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែនបានឈានចូល ដល់ឆ្នាំទី៣ហើយ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយក្នុងសប្តាហ៍នេះថាគ្រឿង សព្វាវុធ និងឧបករណ៍យោធា ដែលរាប់បញ្ចូលទាំងគ្រាប់កាំភ្លើងធំ Artillery ច្រើនលានគ្រាប់ កំពុងតែត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ជាថ្នូរនឹងការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀតមកឱ្យកូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ចាប់តាំងពីខែសីហាឆ្នាំ២០២៣នោះមកក្រុង ព្យុងយ៉ាងបានដឹកជញ្ជូនអាវុធ ៦,៧០០កុងតេណ័រទៅកាន់ប្រទេសរុស្ស៊ី ដែលអាចផ្ទុកបាន គ្រាប់កាំភ្លើងផ្លោង១៥២មីលីម៉ែត្រជាង៣លានគ្រាប់ ឬជាង៥០ម៉ឺនគ្រាប់នៃអាវុធកាំភ្លើងផ្លោង ប្រភេទ១២២មីលីម៉ែត្រ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា «រោងចក្រផលិតគ្រឿងសព្វា វុធរបស់កូរ៉េខាងជើងសម្រាប់នាំចេញ ទៅកាន់ប្រទេសដទៃ ដែលធ្លាប់តែដំណើរការក្នុងសមត្ថ ភាព៣០% ដោយសារកង្វះខាតវត្ថុធាតុដើមនិងអគ្គិសនីនោះ, ពេលនេះវាបានដំណើរការ ពេញទំហឹងក្នុងការផលិតអាវុធ និងកាំភ្លើងធំសម្រាប់នាំចេញទៅប្រទេសរុស្ស៊ី»។ ក្រសួងការ ពារជាតិកូរ៉េខាងត្បូងបន្តថាគ្រឿងសព្វាវុធ ដែលផលិតនិងបាននាំចេញទៅរុស្ស៊ីនេះ បាន ទទួលមកវិញ នូវអាហារដ៏ច្រើនសន្ធឹកសន្ធាប់ ដឹកតាមកុងតេណ័រពីរុស្ស៊ីមកកូរ៉េខាងជើងវិញ ដែលធ្វើឱ្យស្ថានភាពធ្លាប់តែខ្វះស្បៀងនៅកូរ៉េខាងជើងមានសភាពនឹងនមកវិញ។

បើយោងតាមរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន, ក្រសួងការបរទេស អាមេរិកបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនគ្រាប់រំសេវ ឬគ្រឿងសម្ភារៈសឹកពាក់ព័ន្ធចំនួន១ម៉ឺនកុងតេណ័រដល់រុស្ស៊ី ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៣នោះមក។

សេចក្តីរាយការណ៍ កាសែត USA Today ក៏ធ្លាប់បាននិយាយដែរថា កាលពីខែវិច្ឆិកាឆ្នាំ ២០២៣កូរ៉េខាងជើងបានដឹកជញ្ជួន ឧប ករណ៍យោធាចំនួន១ពាន់កុងតេណ័រ ជាមួយនឹងគ្រាប់ រំសេវផ្តល់ទៅឱ្យប្រទេសរុស្ស៊ី។

*** រុស្ស៊ីមានគ្រាប់ជាច្រើនប្រើលើសមរភូមិខណៈអ៊ុយក្រែនខ្វះអាវុធតទល់

ការផ្គត់ផ្គង់គ្រាប់រំសេវដល់ប្រទេសរុស្ស៊ី បានស្ថិតក្នុងរបត់សំខាន់មួយនៃការកំពុងធ្វើសង្គ្រាម យកចាញ់ឈ្នះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឈានចូលឆ្នាំទី៣ ខណៈដែលអ៊ុយក្រែនបានត្អូញ ត្អែរការខ្វះគ្រាប់រំសេវដោយសារតែជំនួយយោធាជួប ប្រទះភាពរអាក់រអួល ដែលនាំឱ្យរុស្ស៊ី មានប្រៀបខ្លាំងនៅលើសមរភូមិប្រយុទ្ធ។ អ៊ុយក្រែនបានបោះបង់ចោលក្រុង Adiivka ដែល ជាបន្ទាយដ៏រឹងមាំ រយៈពេលជិត១០ឆ្នាំកន្លងមក និងបានដកថយចេញពីភូមិចំនួន២ទៀតនៅ ក្បែរក្រុង Adiivka ដោយសារការបន្ទោសថា ខ្វះខាតគ្រាប់រំសេវក្នុងការទប់ទល់អំពើវាយលុក របស់រុស្ស៊ី។

រុស្ស៊ីក្នុងរយៈពេលជាង២ឆ្នាំនៃការធ្វើសង្គ្រាម ត្រូវបានសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធក្នុង ទ្វីបអឺរ៉ុបបានព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច ស្ទើរគ្រប់ចន្លោះអស់ទៅហើយ ដើម្បីកាត់ផ្តាច់ ចោលច្រកផ្លូវធ្វើសេដ្ឋកិច្ចនានារបស់រុស្ស៊ី និងនៅជាមួយគ្នានេះ ប្រទេសលោកខាងលិចបាន រួមគ្នាជួយផ្តល់គ្រាប់រំសេវ, រថក្រោះ, រថពាសដែក, ដ្រូន, ប្រព័ន្ធអាវុធការពារដែនអាកាសនិង អាវុធទំនើបៗតាំងពីមីស៊ីលបាញ់ រយៈចម្ងាយខ្លី រហូតដល់មីស៊ីលបាញ់រយៈ ចម្ងាយឆ្ងាយ និងការសន្យាផ្តល់យន្តហោះប្រយុទ្ធ មកថែមទៀត។

អ៊ុយក្រែនដែលទទួលបានអាវុធយុទ្ធភណ្ឌជាច្រើននាដើមឆ្នាំ២០២៣ បានបើកយុទ្ធនាការ វាយលុកតបត Counter Offensive ដើម្បីចង់ដណ្តើមយក ទឹកដីភាគខាងកើតរបស់ខ្លួនមក វិញ ប៉ុន្តែឆ្នាំ២០២៣ ដែលជាឆ្នាំមានការរំពឹងថាអាចជាឱកាស របស់អ៊ុយក្រែនក្នុងការយកប្រៀប លើសមរភូមិដើម្បីបង្ខំឱ្យរុស្ស៊ី ចូលតុចរចានោះ បែរក្លាយជាឆ្នាំមិនអាចវាយទម្លុះទម្លាយរបាំង រៀបចំទុកជាមុនរបស់រុស្ស៊ីបានឡើយ។ អាវុធយុទ្ធភណ្ឌផ្តល់ពីប្រទេសលោកខាងលិចនិងពី សហរដ្ឋអាមេរិក ត្រូវបានខូចខាតអស់ជាច្រើន ដែលធ្វើឱ្យយុទ្ធនាការវាយបកមិនអាចសម្រេច បានដូចតាមគម្រោងឡើយ។

អ៊ុយក្រែនចាប់តាំងពីចុងឆ្នាំ២០២៣ បានត្អូញត្អែរសាជាថ្មីនូវសេចក្តីត្រូវការអាវុធនិង គ្រាប់ រំសេវជាបន្ថែមទៀត ពីប្រទេសសម្ព័ន្ធមិត្តជាពិសេសពី សហរដ្ឋអាមេរិក គ្រាដែលរុស្ស៊ីនៅតែ បង្ហាញនូវប្រៀបខ្លាំងលើសមរភូមិ ដោយធ្វើការបាញ់ផ្លោងដោយគ្រាប់ Artillery, គ្រាប់មីស៊ីល ចម្រុះរបស់ខ្លួននិងប្រើដ្រូនជាប្រចាំថែមទៀត មិនឈប់ឈរដែលបង្ហាញការមិនថមថយខ្វះ អាវុធដូចអ៊ុយក្រែនឡើយ។ ប្រទេសលោកខាងលិច ធ្លាប់បានសារភាពនូវការផលិតអាវុធ មិនទាន់នឹងការប្រើប្រាស់របស់អ៊ុយក្រែន នៅលើសមរភូមិឡើយ។ ការសន្យារបស់ក្រុមប្រ ទេសលោកខាងលិចជុំវិញការផ្តល់គ្រាប់កាំភ្លើងផ្លោង មួយលានគ្រាប់រហូតដល់ខែមីនាក្នុង ឆ្នាំ២០២៤ដល់អ៊ុយក្រែននោះ ក៏មិនបានផ្តល់ចំនួនគ្រាប់គ្រប់គ្រាន់ឡើយ។

ការចូលគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងក្រុង Adiivka បានបង្ហាញថារុស្ស៊ី នៅតែមានអាវុធយុទ្ធ ភណ្ឌជាច្រើនសម្រាប់ការវាយប្រហារដាក់លើ អ៊ុយក្រែនដែលបន្តបោះបង់ចោល សមរភូមិខ្លះ ដោយសារតែការខ្វះខាតគ្រឿងសព្វាវុធផងនិងខ្វះកម្លាំងទាហានប្រយុទ្ធផងទៀត។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងក្នុងសប្តាហ៍នេះទៀតថាជីវិត អ៊ុយក្រែននឹងអាចស្លាប់ច្រើនលាននាក់ ថែមទៀត ប្រសិនណាបើសមាជិកសភាតំណាង រាស្ត្រអាមេរិក មិនអនុម័តថវិកាស្នើ ជំនួយយោធា៦១ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែន នោះទេ។ លោកហ្សេឡិនស្គី បានថ្លែងទៀតថាបើគ្មានជំនួយ ពីសហរដ្ឋអាមេរិកនោះទេ, អ៊ុយ ក្រែនមិនត្រឹមតែ មិនអាចវាយដណ្តើមយកទឹកដីនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែនឹងថែមទាំង មានក្តីលំបាកក្នុងការការពារខ្លួនឯង ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ។

**** ក្តីបារម្ភក្នុងសង្គ្រាមខណៈគ្រឿងសព្វាវុធកូរ៉េខាងជើងបន្តផ្តល់មករុស្ស៊ី

ការបញ្ជូនអាវុធពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងមូស្គូ ត្រូវបានគេកត់ត្រាតាំងពីមុនពេលមេ ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជួបជាមួយនឹងសមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក ប្រធានាធិបតីវ្ល៉ាឌីមៀពូទីនក្នុងកិច្ចប្រជុំកំពូលខែកញ្ញាឆ្នាំ២០២៣នៅភាគខាងកើតនៃប្រទេស រុស្ស៊ី។

ជំនួបនាពេលនោះ គឺជាសញ្ញាច្បាស់លាស់នៃទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលរងការប្រឈមមុខនឹង ភាពឯកោអន្តរជាតិ ក្នុងនោះរុស្ស៊ីបានប្រឈមនឹង ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែ អំពើឈ្លានពានទៅលើអ៊ុយក្រែន គ្រាដែលកូរ៉េខាងជើងក៏បានរង នឹងសម្ពាធទណ្ឌកម្មជុំទិសពាក់ព័ន្ធ កម្មវិធីអាវុធនុយក្លេអ៊ែរផង និងការបាញ់សាកល្បងអាវុធ មីស៊ីលបាលីស្ទីករបស់ខ្លួនផងដែរ។ មេដឹកនាំរុស្ស៊ីបានសន្យាជួយជំរុញវិស័យបច្ចេកវិទ្យាផ្នែក លំហអវកាសដល់កូរ៉េខាងជើង ដែលជាប្រទេសខ្វះខាតអ្វីៗសព្វបែបយ៉ាងចាប់តាំងពីលុយ កាក់, ស្បៀងអាហារ រហូតដល់កត្តាបច្ចេកវិទ្យាធ្វើមីស៊ីលថែមទៀត។

កូរ៉េខាងជើង ក្រោយមកបានបង្ហាញនូវសន្ទុះជឿនលឿនទៅមុខនៃកត្តាបច្ចេកវិទ្យារបស់ខ្លួន ក្រោយ មាន ជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងលើទឹកដីរុស្ស៊ី តាំងពីពេលនោះ មក។ តាមពិតកូរ៉េខាងជើងបានប្រកាស និងចាត់ទុកខ្លូនឯងថា ជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចមានការប្រែប្រួលបានឡើយ។ កូរ៉េខាងជើង បានប្រកាសទៀតថាគេ នឹងមិនបោះបង់ ចោលនូវកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើយ ដោយកូរ៉េខាងជើងបានចាត់ទុកថា វាជាកត្តាចាំ បាច់សម្រាប់ការរស់រានមានជីវិត របស់ប្រទេសកូរ៉េខាងជើង ទាំងមូលនោះ។

ក្រោយជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើង រយៈពេលមួយខែរួចមក, កូរ៉េខាងជើង នៅខែវិច្ឆិកាឆ្នាំ២០២៣ បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់ខ្លួន ដែលមុននេះធ្លាប់ បរាជ័យ បានធ្វើដំណើរចូលទៅក្នុងគន្លងតារាវិធី ប្រកបដោយជោគជ័យ។ តាមរយៈផ្កាយរណបនោះ កូរ៉េខាងជើងនិយាយថា គេមានភ្នែកច្បាស់លាស់ នៅលើមេឃ ដែល កូរ៉េខាងជើងអាចដឹង ទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងតាមរយៈ ផ្កាយរណបចារកម្មយោធានោះ។

ក្រោយមកនៅក្នុងខែធ្នូឆ្នាំ២០២៣, កូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យរបស់ខ្លួនមួយ ទៀតក្នុងការបាញ់មីស៊ីលលឿនជាងសំឡេង ដែលប្រើសូលីដឥន្ធនៈ ដែលក្លាយជាការសាក ល្បងលើកទីបួនហើយនូវប្រភេទមីស៊ីលបែបនោះ និងក៏ជាលើកទីមួយផងដែរនៃការផ្លាស់ប្តូរ វិធីសាស្ត្របាញ់នៃមីស៊ីលលឿនជាងសម្លេងនេះ។ ការបាញ់សាកល្បងចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៣នោះ បានបង្កឱ្យការភ្ញាក់ផ្អើលដល់ បណ្តាប្រទេសក្នុងតំបន់។

សហរដ្ឋអាមេរិកនៅក្នុងខែធ្នូឆ្នាំ២០២៣ បានធ្វើសារមួយដែលរំលឹកនូវសម្តីព្រមានរបស់មេ ដឹកនាំសហរដ្ឋអាមេរិកលោកចូ បៃដិន ដែលនិយាយថាបើសិនជាមានការ វាយប្រហារដោយ អាវុធនុយក្លេណាមួយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង, គឺសហរដ្ឋអាមេរិកនឹង រំលាយរបបដឹកនាំ របស់កូរ៉េខាងជើងតែម្តង។ ប៉ុន្តែលោក គីមជុងអ៊ុន បានព្រមានតបមកវិញតាមសារចុងឆ្នាំ ២០២៣ថា ប្រទេសរបស់លោក "នឹងមិនស្ទាក់ស្ទើរ" ក្នុងការវាយប្រហារនុយក្លេអ៊ែរឡើយប្រ សិនណាបើ "សត្រូវ" បង្ករឿងដោយអាវុធនុយក្លេ អ៊ែរ។ សារចុងឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើង ដដែល នៅបានប្រាប់កងកម្លាំងអាវុធរបស់កូរ៉េខាងជើងទៀតថា គេត្រូវត្រៀមខ្លួនរៀបចំធ្វើ សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកថែមទៀត។

*** កំណត់ត្រាបង្ហាញភាពវិវត្តន៍បច្ចេកវិទ្យារបស់កូរ៉េខាងជើងក្រោយកិច្ចប្រជុំកំពូលខែកញ្ញា

ចាប់តាំងពីកិច្ចប្រជុំកំពូលខែកញ្ញាឆ្នាំ២០២៣លើទឹករុស្ស៊ីនោះមកដែរ, ប្រទេសកូរ៉េ ខាងជើង ត្រូវគេនិយាយថាបានជួយគាំទ្រដល់រុស្ស៊ីវិញ នូវការផ្គត់ផ្គង់គ្រឿងសព្វាវុធ ដែលរុស្ស៊ីយកទៅ ប្រើប្រាស់នៅលើសមរភូមិ។ កូរ៉េខាងជើងតែងបដិសេធនូវការចោទប្រកាន់ជួយផ្គត់ផ្គត់អាវុធ យុទ្ធភណ្ឌចំពោះរុស្ស៊ីនេះ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថាគេមាន ភស្ថុតាង ជុំវិញអំណះអំណាងនៃដឹកជញ្ជួន គ្រាប់របស់កូរ៉េខាងជើងដល់រុស្ស៊ី…ហើយកូរេខាងត្បូងបាន អះអាងថា គេក៏មានសេចក្តីរាយការណ៍ ជុំវិញរោងចក្រផលិតអាវុធកូរ៉េខាងជើង ផ្គត់ផ្គង់គ្រឿង សព្វាវុធទៅឱ្យប្រទេសរុស្ស៊ីផងដែរ។

តាមពិតទៅ, មន្ត្រីសហរដ្ឋអាមេរិកធ្លាប់បាននិយាយព្រមានដល់កូរ៉េខាងជើង ត្រូវទទួលខុស ត្រូវលើការបាត់បង់និងការខូចខាតនានា ប្រសិនបើក្រុងព្យុងយ៉ាងផ្តល់ អាវុធដល់ក្រុងម៉ូស្គូ ដើម្បីប្រើប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែសម្តីព្រមាននោះ ត្រូវគេចាត់ទុកថាបានត្រឹមតែព្រមាន ប៉ុណ្ណោះគ្រាដែលសហរដ្ឋអាមេរិកកំពុងជួបនឹង វិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួនដែលបារម្ភថា នយោបាយរៀបចំរបស់រដ្ឋបាល លោកចូបៃដិន នៅក្នុងទ្វីបអឺរ៉ុប នឹងត្រូវបិទបញ្ចប់ទៅវិញបើ សិនជាលោកដូណាល់ត្រាំ នឹងវិលត្រឡប់មកកាន់ អំណាចក្នុងសេតវិមានសាជាថ្មី។ សេចក្តី រាយការណ៍បានបង្ហាញថាដំណើរវិលត្រឡប់មកវិញ ហាក់ដូចជាមានពន្លឺបន្តិចម្តងៗមកវិញ ហើយ។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានរកឃើញថា រដ្ឋាភិបាលក្រុងព្យុង យ៉ាងបាននាំចេញគ្រាប់ផ្លោងជាងមួយលានគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី ក្នុងការដឹកជញ្ជូនចំនួន ១០ លើកដាច់ដោយឡែកពីគ្នាចាប់តាំងពីដើមខែសីហាឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សង្គ្រាម របស់ខ្លួននៅអ៊ុយក្រែន។ សេតវិមានរបស់សហរដ្ឋអាមេរិក ក៏ធ្លាប់បានបញ្ជាក់នូវការរកឃើញ កាលពីខែមុននេះថាអាវុធមីស៊ីល របស់កូរ៉េខាងជើង ត្រូវបានរុស្ស៊ីបានប្រើប្រាស់បាញ់ដាក់លើ បណ្តាក្រុងអ៊ុយក្រែនថែមទៀត។

នាពេលនេះក្តីបារម្ភ មិនមែនត្រឹមតែអ្វី ដែលកូរ៉េខាងជើងបានជួយផ្គត់ផ្គង់គ្រាប់រំសេវនិងអាវុធ ដល់ប្រទេសរុស្ស៊ីដើម្បីធ្វើសង្គ្រាម នៅអ៊ុយក្រែនប៉ុណ្ណោះទេ, អ្វីដែលកាន់តែបារម្ភទៀតនោះ គឺ សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធកំពុងផ្តោត ការយកចិត្តទុកដាក់មើលលើសន្ទុះវិវត្តន៍របស់ កូរ៉េខាងជើងលើកត្តាបច្ចេកវិទ្យាធ្វើអាវុធថែមទៀត។

សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធជឿថា តបនឹងសំណងដែលកូរ៉េខាងជើងបានជួយផ្គត់ផ្គង់ នូវគ្រឿងសព្វាវុធនោះ, រុស្ស៊ីនៅបានផ្តល់មកកូរ៉េខាងជើងវិញ នូវបច្ចេកវិទ្យាថ្មីនិងទំនើបដែល កូរ៉េខាងជើង នឹងកែច្នៃប្រើប្រាស់វាសម្រាប់ ការគំរាមកំហែងដល់ពិភពលោក។

យោងតាមប្រភពពីមន្ត្រីអាមេរិកពីររូប, រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចជំរុញសមត្ថភាពនាវាមុជទឹក ដើរដោយថាមពលផ្កាយរណប និងនុយក្លេអ៊ែរដែលនឹង អាចជំរុញសមត្ថភាពរបស់កូរ៉េខាងជើង យ៉ាងសំខាន់ដើម្បីការអភិវឌ្ឍន៍ពេញលេញ នូវបច្ចេកវិ ទ្យាចុងក្រោយនោះ ដែលគេបារម្ភថានឹងធ្វើឱ្យតំបន់កាន់តែប្រឈមនឹងគ្រោះថ្នាក់ជាមិនខាន៕

រូបភាពពី Reuters