(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ បាននិយាយថា ប្រទេសថៃនឹងដាក់បម្រាម ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ត នៅមុនដំណាច់ឆ្នាំនេះ ប៉ុន្តែនឹងបន្តអនុញ្ញាតឱ្យប្រើប្រាស់វា សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីថៃបានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតការប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្ត កាលពីឆ្នាំ២០១៨ និងក្រោយមក សម្រាប់គោលបំណងកម្សាន្ត​ថែមទៀតនោះ កាលពីឆ្នាំ២០២២ ហាងលក់ដូរកញ្ឆារាប់ម៉ឺនកន្លែង បានរីកស្គុសស្គាយពេញប្រទេសអាស៊ានមួយនេះ ក្នុងឧស្សាហកម្មមួយ ដែលត្រូវបានគេព្យាករថា នឹងមានតម្លៃរហូតដល់១.២ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew បានប្រាប់ថា សេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការប្រើកញ្ឆាសម្រាប់ការកម្សាន្ត នឹងត្រូវដាក់ឱ្យគណៈរដ្ឋមន្រ្តីផ្តល់ការយល់ព្រម នៅខែមីនា មុនពេលបញ្ជូនទៅកាន់សភា ដើម្បីអនុម័តនៅមុនដំណាច់ឆ្នាំនេះ។ អំឡុងបទសម្ភាសមួយជាមួយ Reuters​កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយនិយាយសំដៅទៅលើ ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត លោក Cholnan បានលើកឡើងយ៉ាងដូច្នេះថា «ដោយគ្មានច្បាប់ច្បាស់លាស់ ដើម្បីគ្រប់គ្រងកញ្ឆាទេនោះ វានឹងត្រូវប្រើប្រាស់ក្នុងផ្លូវខុស»។ ទោះជាបែបនេះក្តី លោក Cholnan បាន​និយាយថា «ពួកយើងនឹងបន្តគាំទ្រការដាំដុះកញ្ឆា សម្រាប់ឧស្សាហកម្មវេជ្ជសាស្រ្ត និងសុខាភិបាល»។

លោករដ្ឋមន្រ្តីសុខាភិបាលថៃ បានបន្ថែមថា ហាងលក់កញ្ឆាដែលធ្វើប្រតិបត្តិការដោយមិនស្របច្បាប់ នឹងលែងត្រូវអនុញ្ញាតឱ្យបន្តទៀតហើយ។ សេចក្តីព្រាងច្បាប់ខាងលើ មានចែងអំពីការផាក់ពិន័យជាប្រាក់ដល់ ៦០,០០០បាត (១,៧០០ដុល្លារ) ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ខណៈអ្នកដែលលក់ និងចូលរួមផ្សព្វផ្សាយកញ្ឆា សម្រាប់បម្រើគោលបំណងបែបនោះ អាចប្រឈមការជាប់ពន្ធនាគារដល់១ឆ្នាំ ឬមួយការពិន័យជាប្រាក់ដល់១០០,០០០បាត (២,៨០០ដុល្លារ) ឬក៏ទាំងពីរ។ ច្បាប់នោះ ក៏នឹងរឹតបន្តឹងផងដែរ នូវការដាក់ពិន័យចំពោះការបង្កើតកសិដ្ឋានកញ្ឆា ដោយគ្មានអាជ្ញាបណ្ណ ដោយទោសជាប់ពន្ធនាគារគឺចន្លោះពី១ឆ្នាំ ដល់៣ឆ្នាំ ខណៈទោសពិន័យជាប្រាក់ គឺចន្លោះ២០,០០០បាត (៥៦០ដុល្លារ) ដល់៣០០,០០០បាត (៨,០០០ដុល្លារ)។

គួរបញ្ជាក់ថា យោងតាមលោក Cholnan ការនាំចូល ការនាំចេញ ការដាំដុះ និងការប្រើប្រាស់ផ្នែកពាណិជ្ជកម្មនៃកញ្ឆា នឹងតម្រូវឱ្យមាន​ការស្នើសុំអាជ្ញាបណ្ណត្រឹមត្រូវ។ រដ្ឋមន្រ្តីថៃរូបនេះបាននិយាយថា ដោយទទួលស្គាល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នៃឧស្សាហកម្មកញ្ឆា ខាងរដ្ឋាភិបាលនឹងទុកពេលឱ្យខាងអាជីវកម្មសម្របខ្លួន ទៅនឹងច្បាប់ថ្មី ហើយលោកបានអះអាងថា វានឹងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសថៃ ឡើយ៕

រូបភាពពី Reuters