(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានជំរុញដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ធ្វើសកម្មភាពដើម្បីជួយបញ្ចប់ជម្លោះជិត ១ឆ្នាំរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

សហរដ្ឋអាមេរិកនិយាយថា ភាគីជម្លោះទាំងពីរកំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយ RSF និងសម្ព័ន្ធមិត្តដែលជាក្រុមសកម្មប្រយុទ្ធ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បើតាម UN មនុស្សជិត ២៥លាននាក់ ស្មើនឹងពាក់កណ្តាលនៃប្រជាជនស៊ូដង់ កំពុងត្រូវការជំនួយ ហើយ ៨លាននាក់ទៀតបានភៀសខ្លួនពីផ្ទះសម្បែង ខណៈភាពអត់ឃ្លានកាន់តែកើនឡើន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ Reuters តាមរយៈលិខិតមួយមានខ្លឹមសារថា «ប្រាកដណាស់ នេះជាបញ្ហាបន្ទាន់នៃសន្តិភាព និងសន្តិសុខ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់កាន់តែខ្លាំង ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ។ ក្រុមប្រឹក្សាសន្តិសុខត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីសម្រាលទុក្ខលំបាករបស់មនុស្ស ចាប់ជនល្មើសមកទទួលខុសត្រូវ និងធ្វើឱ្យជម្លោះនៅស៊ូដង់ឈានដល់ទីបញ្ចប់»។

គួរបញ្ជាក់ថា ចាប់់តាំងពីសង្រ្គាមផ្ទុះឡើងនៅស៊ូដង់ កាលពីខែមេសា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាសន្តិសុខ UN បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ៣លើក និងសម្តែងការព្រួយបារម្ភអំពីសង្រ្គាម។ មនុស្សចន្លោះពី ១០,០០០នាក់ ទៅ ១៥,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងតែមួយនៃតំបន់ West Darfur ដោយសារអំពើហិង្សាប្រឆាំងជនជាតិភាគតិច ធ្វើឡើងដោយ កងកម្លាំង RSF និងកងជីវពលអារ៉ាប់៕

រូបភាពពី Reuters