(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានស្នើទៅកាន់អ៉ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម អាចទៅគោរពបូជានៅឯព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពិធីបុណ្យរ៉ាម៉ាឌន បន្ទាប់ពីរដ្ឋមន្រ្តីស្តាំនិយមអ៉ីសា្រអែលមួយចំនួន លើកជាសំណើរហាមឃាត់ពលរដ្ឋប៉ាឡេស្ទីនមកពីតំបន់ West Bank សម្រាប់ការចូលទៅគោរពបូជានៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

អ្នកនាំពាក្យក្រសួងការរបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា «ករណីពាក់ព័ន្ធនឹងព្រះវិហារ Al-Aqsa យើងបន្តជំរុញឱ្យអ៉ីស្រាអែលជួយសម្របសម្រួល ដល់អ្នកដែលគោរពបូជាដោយសន្តិភាព អំឡុងពេលបុណ្យរ៉ាម៉ាឌន ស្របតាមការអនុវត្តកន្លងមក»។ លោក Miller បានបន្ថែមថា «វាមិនគ្រាន់តែជារឿងដែលត្រូវធ្វើនោះទេ តែវាជាសេរីភាពនៃជំនឿសាសនារបស់មនុស្សគ្រប់រូប ដែលត្រូវតែប្រកាន់ខ្ជាប់ និងមានសិទ្ធិពេញលេញ ប៉ុន្តែវាក៏ជាបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់ចំពោះសន្តិសុខអ៉ីសា្រអែលដែរ។ យ៉ាងនេះក្តី វាមិនមានប្រយោជន៍អ្វីទេដែលអ៉ីស្រាអែល ត្រូវធ្វើឱ្យមានភាពតានតឹងក្នុងតំបន់ West Bank ឬនៅទូទាំងតំបន់នោះ»។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានកំណត់លក្ខខណ្ឌដើម្បីចូលមកធ្វើការគោរពបូជា នៅក្នុងទីក្រុងហ៊្សេរុយសាឡិមអំឡុងពិធីបុណ្យរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋរបស់ពលរដ្ឋកាន់សាសនាឥស្លាម ហើយចាប់ផ្តើមនៅថ្ងៃទី១០ ឬថ្ងៃទី ១១ ខែមីនា អាស្រ័យទៅលើប្រតិទិនតាមច័ន្ទគតិ៕

រូបភាពពី AFP