(សិង្ហបុរី)៖ កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) នឹងទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ៨គ្រឿង និងបន្តការបង្កើតកងកម្លាំង «ជំនាន់ក្រោយ» ដើម្បីបម្រើតម្រូវការសន្តិសុខរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារមាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការពារជាតិ លោក Ng Eng Hen បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា អំពីកញ្ចប់ថវិការបស់ក្រសួងការពារជាតិថា យន្តហោះចម្បាំងទាំងនោះ រំពឹងថានឹងមកដល់នៅឆ្នាំ ២០៣០។ នេះជាការបញ្ជារទិញយន្តហោះស៊េរីខ្ពស់ថែមទៀតរបស់ RSAF បន្ថែមលើយន្តហោះចម្បាំង F-35 ប្រភេទ B ចំនួន ១២គ្រឿងដែលនាំឱ្យកងយន្តហោះ មានយន្តហោះចម្បាំងជំនាន់ថ្មីរបស់សហរដ្ឋអាមេរិកសរុប ២០គ្រឿង។

លោក Ng បានប្រាប់សភាជារួមថា ការចំណាយនៅក្នុងកញ្ចប់ថវិកាក្រសួងការពារជាតិ នឹងកើនឡើងដល់ចំនួន ១៥ពាន់ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤/២០២៥ ដែលកើនឡើង ២ភាគរយកាលពីឆ្នាំមុន។ ប៉ុន្តែលោកបានចង្អុលបង្ហាញថា ទោះបីជាមានការកើនឡើងបន្ទាប់បន្សំ ក្នុងការចំណាយលើវិស័យការពារជាតិក្តី ក៏ការរួមចំណែករបស់ខ្លួននៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ព្រោះតែការចំណាយនេះលើសពីកំណើនសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ សិង្ហបុរីបានចំណាយលើវិស័យការពារជាតិប្រហែល ៥ភាគរយនៃ GDP៕

រូបភាពពី Reuters