(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះបាននិយាយថាចិន និងរុស្ស៉ី គួរតែពង្រឹងការទំនាក់ទំនង និងកិច្ចសម្របសម្រួលស្ដីពី កិច្ចការនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងរួមគ្នាការពារថែរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

តាមអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong ដែលបានស្ថិតនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា លើទំនាក់ទំនងទ្វេភាគី ចិន និងរុស្ស៉ី ក៏គួរតែដើរតួនាទីយ៉ាងល្អប្រសើរមួយផងដែរ ប្រៀបដូចជាយុថ្កានៃស្ថិរភាពក្នុងបរិបទដែលពិភពលោកកំពុងមាន ការផ្លាស់ប្ដូរ។ លោកបន្ថែមថាចិនត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្ររវាងភាគីទាំង២ នៅលើគ្រប់វេទិកាពហុភាគី ហើយថាចិនគាំទ្ររុស្ស៉ីទទួលតំណែងជាប្រធានក្រុមប្រទេស BRICS នៅក្នុងឆ្នាំ២០២៤នេះ។ រុស្ស៉ីបានទទួលយកតំណែងជាប្រធាន BRICS តាមសំណើ របស់ប្រេស៊ីល និងមានគម្រោងបើកកិច្ចប្រជុំកំពូលក្នុងទីក្រុង Kazan នៅខែតុលាខាងមុខ។

BRICS គឺជាអង្គការមួយរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសមាជិកដូចជា ចិន ប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសចិន នៅក្នុងជំនួបជាមួយក្រុមមន្ត្រីរុស្ស៉ីនៅមូស្គូ រុស្ស៉ី និងចិនបានផ្លាស់ប្ដូរទស្សនៈយល់ឃើញទៅវិញទៅមក លើវិបត្តិ នៅអ៊ុយក្រែន និងស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ៕

រូបភាពពីសារព័ត៌មានចិន China Daily