(ហ្សឺណេវ)៖ អង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងអ៊ីស្រាអែលកំពុងរារាំង «ជាប្រព័ន្ធ» ចំពោះការចូលផ្តល់ជំនួយ ទៅកាន់មនុស្សដែលត្រូវការជំនួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលធ្វើឱ្យមានភាពស្មុគស្មាញខ្លាំង ដល់ការងារមនុស្សធម៌នៅក្នុងតំបន់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារមនុស្សធម៌ របស់អង្គការសហប្រជាជាតិ OCHA លោក Jens Laerke បាននិយាយថា ការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងការផ្តល់ជំនួយ គឺស្ទើរតែមិនអាចទៅរួចទេ នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង និងកាន់តែពិបាកនៅភាគខាងត្បូង។

អាជ្ញាធរអ៊ីស្រាអែលបានរារាំងក្បួនជំនួយទាំងអស់ ដែលគ្រោងចូលភាគខាងជើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានការអនុញ្ញាតចុងក្រោយនៅថ្ងៃទី ២៣ ខែមករា នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ហើយវាកាន់តែអាក្រក់ទៅៗ ខណៈក្បួនរថយន្តដែលមានការអនុញ្ញាតជាមុន ពីអាជ្ញាធរអ៊ីស្រាអែល ក៏ត្រូវបានរារាំង ឬវាយប្រហារម្តងហើយម្តងទៀតផងដែរ។

លោក Laerke បានកត់សម្គាល់ទៅឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យមុន នៅពេលដែលក្បួនរថយន្តដែលរៀបចំរួមគ្នា ដោយអង្គការសុខភាពពិភពលោក និងសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដើម្បីជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ Amal ដែលឡោមព័ទ្ធនៅភាគខាងត្បូងទីក្រុង Khan Younis ត្រូវបានរារាំងអស់រយៈពេលជាច្រើនម៉ោង ហើយក្រុមគ្រូពេទ្យត្រូវបានឃុំខ្លួន។

អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «ទោះបីជាមានការសម្របសម្រួលជាមុនជាមួយភាគីអ៊ីស្រាអែល សម្រាប់បុគ្គលិកក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលបានរារាំងក្បួនរថយន្តដែលដឹកនាំ ដោយ WHO អស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីវាបានចាកចេញពីមន្ទីរពេទ្យ»

លោកបាននិយាយទៀតថា «យោធាអ៊ីស្រាអែលបានបង្ខំអ្នកជំងឺ និងបុគ្គលិកចេញពីរថយន្តសង្គ្រោះ ហើយបានបញ្ជាឱ្យអ្នកថែទាំជំងឺទាំងអស់ដោះអាក្រាតកាយ» ដោយបន្ថែមថាក្បួនរថយន្តដឹកអ្នកជំងឺ ២៤ នាក់ត្រូវបានរារាំងអស់រយៈពេលប្រាំពីរម៉ោង។

លោក​បាន​សង្កត់​ធ្ងន់​ថា «នេះ​មិន​មែន​ជា​ករណីដាច់​ដោយ​ឡែក​ទេ។ ប៉ុន្តែក្បួន​ជំនួយ​ត្រូវបាន​រង​ការ​វាយ​ប្រហារ ហើយ​ត្រូវ​បាន​គេ​បដិសេធ​ជា​ប្រព័ន្ធ​ចំពោះ​អ្នក​ដែល​ត្រូវ​ការ»

រូបភាពពី AFP