(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកបានថ្លែងថា កិច្ចឈប់បាញ់គ្នាមួយក្នុងតំបន់ហ្គាហ្សា នឹងកើតមាននាថ្ងៃ ចន្ទសប្តាហ៍ក្រោយ ដែលសម្តីនេះ បានជួយសម្រាប់ទុក្ខព្រួយ និងកង្វល់ជាច្រើនដែលបារម្ភថា ក្រុង Rafah នឹងក្លាយជាទីវាលមរណៈ នៅមុនបុណ្យរ៉ាម៉ាដន មកដល់។ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានចូល១៤៤ថ្ងៃហើយ គិតត្រឹមថ្ងៃអង្គារ៍ទី ២៧កុម្ភៈឆ្នាំ២០២៤។ ចំនួនមនុស្សស្លាប់ ក្នុងតំបន់ហ្គាហ្សាបានកើនដល់២ម៉ឺន៩ពាន់៧៨២នាក់ និងមានអ្នករងរបួសកើនសារុបចំនួន ៧ម៉ឺន៤៣នាក់។

ខណៈក្តីបារម្ភនឹងគិតថាក្រុង Rafah នឹងក្លាយជាទីវាលមរណៈនៅមុនបុណ្យរ៉ាម៉ាដនមកដល់ ខាងមុខនេះ ប្រធានាធិបតីអាមេរិកស្រាប់ថ្លែង បង្ហាញក្តីសង្ឃឹមមួយដោយនិយាយថា បទឈប់បាញ់គ្នាបណ្តោះអាសន្នមួយ នៅក្នុងតំបន់ហ្គាហ្សានឹងលេចចេញរូបរាង នៅថ្ងៃដើមសប្តាហ៍ក្រោយនេះហើយ។

ប្រធានាធិបតី Joe Biden បានថ្លែងបង្ហាញក្តីសង្ឃឹមថា បទឈប់បាញ់គ្នាមួយនៅក្នុងជម្លោះ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅកើតមាននៅ "ថ្ងៃច័ន្ទក្រោយ" នេះហើយ។ លោក Biden ក្នុងពេលកំពុងមានវត្តមាន នៅកន្លែងហាងលក់ Icecream ក្នុងក្រុងញូយ៉កកាល ពីថ្ងៃចន្ទ ទី២៦ កុម្ភៈ ជាមួយនឹងតារាកំប្លែង Seth Meyers ត្រូវបានក្រុមសារព័ត៌មានសាកសួរ ចង់ដឹងអំពីការឈប់បាញ់នៅតំបន់ហ្គាហ្សា តើនឹងអាចកើតឡើងក្នុងពេលណា?

លោកបានថ្លែងរំពឹងថានឹងអាចចាប់ផ្តើម នៅចុងសប្តាហ៍ជិតមកដល់នេះ។ លោកថ្លែងថា «ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំបានប្រាប់ខ្ញុំថា យើងកាន់តែកៀកជិត និងកាន់ខិតជិតមកដល់ហើយ ប៉ុន្តែកិច្ចព្រមព្រៀងនៅមិនទាន់បានយល់ព្រមចប់សព្វគ្រប់នៅឡើយទេ… ហើយខ្ញុំសង្ឃឹមថាវានឹងអាចមកដល់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះដែល យើងនឹងមានបទឈប់បាញ់គ្នា»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មុននេះបានច្រានចោលលក្ខខណ្ឌបទឈប់ បាញ់ដែលបានស្នើឡើង របស់ក្រុមហាម៉ាស ដោយនិយាយថាសំណើលក្ខខណ្ឌ ចង់រកការឈ្នះ ទាំងស្រុងដែលក្រុមហាម៉ាសចង់បាន នៅក្នុងតំបន់ហ្គាហ្សា វាគ្រាន់តែជាក្តីស្រមៃរវើរវាយតែប៉ុណ្ណោះ។ លក្ខខណ្ឌបទឈប់បាញ់គ្នារបស់ក្រុមហាម៉ាស ដែលស្នើមុននេះនិងត្រូវបានទាត់ ចោលដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ បានរៀបចំដាក់ចេញជាបីដំណាក់កាល៖

ដំណាក់កាលទី ១៖ ការសម្រាកបាញ់នឹងមានរយៈពេល៤៥ថ្ងៃ ដែលចំណាប់ខ្មាំងស្ត្រីជាតិអ៊ី ស្រាអែលទាំងអស់ និងចំណាប់ខ្មាំងបុរសអាយុក្រោម១៩ឆ្នាំ, មនុស្សចាស់ និងអ្នកមានជម្ងឺ នឹងត្រូវបានធ្វើការផ្លាស់ប្តូរជាមួយនឹង ស្ត្រីនិងកុមារប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ កងកម្លាំងអ៊ីស្រាអែលនឹងត្រូវដកខ្លួនចេញពី តំបន់ដែលមានប្រជាជននៅហ្គាហ្សា ហើយត្រូវមានការចាប់ផ្តើមកសាងមន្ទីរពេទ្យ និងជំរុំជនភៀសខ្លួនសាឡើងវិញ។

ដំណាក់កាលទី ២៖ បុរសជាចំណាប់ខ្មាំងជាតិអ៊ីស្រាអែលដែលនៅសេសសល់ នឹងត្រូវបានផ្លាស់ប្តូរជាមួយអ្នកទោសប៉ាឡេស្ទីន ហើយកងកម្លាំងអ៊ីស្រាអែលត្រូវចាកចេញពីហ្គាហ្សា ឱ្យអស់ទាំងស្រុង។

ដំណាក់កាលទីបី៖ ភាគីទាំងពីរនឹងត្រូវផ្លាស់ប្តូរអដ្ឋិធាតុនិងសាកសពរវាងគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងដដែលនៅបានស្នើឱ្យមាន ការបង្កើនផ្តល់ជំនួយ និងស្បៀងអាហារជាបន្ថែម សម្រាប់តំបន់ហ្គាហ្សា និងនៅចុងបញ្ចប់បញ្ចប់នៃការផ្អាកប្រយុទ្ធរយៈ ពេល១៣៥ថ្ងៃរួច ក្រុម ហាម៉ាសបាននិយាយថាគេចង់ឱ្យសង្គ្រាម ត្រូវបញ្ចប់ឱ្យអស់ជាមួយគ្នានេះផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលច្រានចោល នូវសំណើលក្ខខណ្ឌទាំងនោះ បានប្តេជ្ញានឹងបន្តគម្រោងវាយប្រហារដាក់លើ ក្រុមហាម៉ាសជាបន្ត។ អ៊ីស្រាអែល បានរៀបចំគម្រោងជម្លៀសមនុស្សចេញពីតំបន់ Rafah ដែលអ៊ីស្រាអែលចាត់ទុកថាជា សំបុកចុងក្រោយបង្អស់មួយរបស់ក្រុមហាម៉ាស និងលោក ណេថាន់ យ៉ាហ៊ូ បានបោះសម្តីព្រមានទៀតថា ជ័យជម្នះទាំងស្រុងនឹង អាចកើតមានចំពោះអ៊ីស្រាអែល នៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀតនេះ។

អ៊ីស្រាអែលបានដាក់ឱសានវាទឱ្យក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងសេសសល់វិល ត្រឡប់មកផ្ទះវិញឱ្យបានមុនបុណ្យ Ramadan បើពុំដូច្នោះទេក្រុង Rafah នឹងក្លាយជាវាលមរណៈ។ អ៊ីស្រាអែលបានព្រមានមិនអនុញ្ញាតឱ្យមានការប្រារព្ធបុណ្យ Ramadan នៅលើទឹកដីប៉ាឡេស្ទីនឡើយ។ បុណ្យរ៉ាម៉ាដានឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីល្ងាចថ្ងៃទី១០មីនា និង បញ្ចប់នៅថ្ងៃទី៩ មេសា។

ប៉ុន្តែទោះជាមានភាពមិនត្រូវគ្នានោះក្តី, ក្រុមសម្របសម្រួល នៅតែបន្តការចរចាដើម្បីស្វែងរក ការឈប់បាញ់គ្នាគ្រាដែលតួលេខ មនុស្សស្លាប់និងរបួស កាន់តែកើនឡើងដែលមិនត្រឹមតែ ដោយសារការវាយប្រហារតាមផ្លូវអាកាសប៉ុណ្ណោះទេ អ្នកជម្ងឺក្នុងមន្ទីរ ពេទ្យត្រូវគេរាយការណ៍ ការបាត់បង់ជីវិតដោយសារ កង្វះឧបករណ៍និងថ្នាំសង្កូវ ខណៈពលរដ្ឋភៀសសឹក បានរងការខ្វះស្បៀងអាហារ និងពួកគេហ៊ុំព័ទ្ធដោយជម្ងឺឆ្លងជាច្រើនថែមទៀត។

កាលពីចុងសប្តាហ៍កន្លងមកនេះ គណៈរដ្ឋមន្ត្រីធ្វើសង្គ្រាមរបស់អ៊ីស្រាអែល បានអនុម័តលក្ខខណ្ឌក៏ទូលំទូលាយនៃកិច្ចព្រមព្រៀងមួយ ដែលនឹងផ្អាកការប្រយុទ្ធ ជាច្រើនសប្តាហ៍ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ សំណើផ្អាកបាញ់រយៈពេលជាច្រើនសប្តាហ៍ នឹងអនុញ្ញាត ឱ្យមានរថយន្តដឹកទំនិញរាប់រយគ្រឿង បញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ដែលជាកន្លែងដែលមនុស្សជិត៣ម៉ឺននាក់បានបាត់ បង់ជីវិត និងជាកន្លែងដែលមានមនុស្សរង នឹងភាពអត់ឃ្លាន និងកើតជម្ងឺជាច្រើន មកលើប្រជាជនភៀសសឹកថែមទៀត។ លោក ណេថាន់ យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៥ កុម្ភៈថា គម្រោងវាយប្រហារដោយថ្មើរជើងដាក់លើតំបន់ Rafah នឹងអាចពន្យាពេលប្រសិនណា បើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលច្រើនសប្តាហ៍ នឹងត្រូវបានគេយល់ព្រម។

សេចក្តីរាយការណ៍បានបង្ហាញថា បន្ទាប់ពីមានការជួបជាមួយលោក Emir Sheikh Tamim bin Hamad Al Thani នៃមេដឹកនាំប្រទេសកាតានោះរួចមក, មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh បានថ្លែងថាក្រុមហាម៉ាសព្រមទទួលយក កិច្ចប្រឹងប្រែងរបស់ប្រទេសកាតាជាអ្នក សម្របសម្រួលដើម្បីស្វែងរកការបញ្ចប់សង្គ្រាម ប៉ុន្តែលោកនៅតែនិយាយបន្តចោទប្រកាន់ ដាក់លើអ៊ីស្រាអែលពីការធ្វើឱ្យជាប់គាំងដំណើរការចរចា គ្រាដែលពលរដ្ឋក្នុងតំបន់ហ្គាហ្សា កាន់តែបន្តស្លាប់ក្នុងរង្វង់តំបន់ហ៊ុំព័ទ្ធ របស់អ៊ីស្រាអែលនោះ។ មេដឹកនាំក្រុមហាម៉ាសបាននិ យាយថា ហាម៉ាស «នឹងមិនឱ្យសត្រូវរបស់ខ្លួនប្រើប្រាស់ការចរចា ក្នុងការបិទបាំងអំពើឧក្រិដ្ឋ កម្មទាំងនេះឡើយ»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅជាមួយគ្នានេះ បានថ្លែងថាអ៊ីស្រាអែលបានត្រៀមចាំទទួលយក កិច្ចព្រមព្រៀងនោះហើយៗ ពេលនេះគេនៅរង់ចាំ ក្រុមហាម៉ាស ដែលត្រូវទម្លាក់ចោល នូវការទាមទាររបស់ខ្លួនតែប៉ុណ្ណោះ។ សេចក្តីរាយការណ៍ចុងក្រោយ បានបញ្ជាក់ថាក្រុមហាម៉ាស បានយល់ព្រមទម្លាក់ចោលនូវសំណើរបស់ខ្លួនវិញហើយ។ ទូរទស្សន៍ស៊ីអិនអិន បានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកចូបៃដិនដែលនិយាយថា «ឧបសគ្គធំៗត្រូវបានដោះស្រាយក្នុងនោះ រួមមានអ្វីដែលហាម៉ាស ចង់ឱ្យមានការដក កងទ័ពអ៊ីស្រាអែលទាំងស្រុងចេញ ឱ្យអស់និងការបញ្ចប់សង្គ្រាមផងដែរ»

មន្ត្រីអាមេរិកបានថ្លែងសង្ឃឹមថាការសម្រាកឈប់បាញ់គ្នាច្រើនសប្តាហ៍ នឹងអាចជួយត្រួស ត្រាយផ្លូវមួយឈានរកការបញ្ចប់សង្គ្រាម ប៉ុន្តែនាយករដ្ឋមន្ត្រី ណេថាន់ យ៉ាហ៊ូ បាននិយាយថា ក្រោយការសម្រាកឈប់បាញ់គ្នានោះបញ្ចប់រួច ការវាយប្រហារនឹងបន្តជាដដែលដើម្បី សម្រេចនូវគោលដៅបី ដែលអ៊ីស្រាអែលបានដាក់ចេញមុន ការបញ្ចប់សង្គ្រាម។

លោក ណេថាន់ យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍អាមេរិក CBS ថា «ខ្ញុំបានដាក់ចេញនូវគោលដៅបីក្នុងការធ្វើសង្គ្រាមនេះ។ គោលដៅទីមួយ គឺដោះលែងចំណាប់ខ្មាំង, គោលដៅទី២ គឺកំចាត់ចោលក្រុមហាម៉ាស់ និងគោលដៅទីបី ការធានាថាតំបន់ហ្គាហ្សា នឹងលែងក្លាយជា កន្លែងគំរាមទៀតឡើយ ដល់ប្រទេសអ៊ីស្រាអែលនាអនាគត»។ លោកណេថាន់យ៉ាហ៊ូ បានបញ្ជាក់ចុង ក្រោយទៀតថា «គេត្រូវតែយល់ថាបើគ្មានជ័យជម្នះទាំងស្រុងនោះទេ, យើងនឹងមិនអាចមាន សន្តិភាព និងយើងមិនអាចទុកឱ្យក្រុមហាម៉ាស បន្តគំរាមកំហែងយើងទៀតបានដែរ»

សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានចូល១៤៤ថ្ងៃហើយ គិតត្រឹមថ្ងៃអង្គារ៍ ទី២៧ កុម្ភៈ ឆ្នាំ២០២៤។ ចំនួនមនុស្សស្លាប់ ក្នុងតំបន់ហ្គាហ្សាបានកើនដល់ ២ម៉ឺន៩ពាន់៧៨២នាក់ និងមានអ្នករងរបួសកើនសារុបចំនួន៧ម៉ឺន៤៣នាក់៕

រូបភាពពី Reuters