(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិក បានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការអនុវត្តពាក្យសន្យារបស់ចិន ដែលបានធ្វើនៅពេលចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក» ក្នុងន័យបដិសេធ ចំពោះសមិទ្ធផលរបស់ចិន ក្នុងការអនុវត្តពាក្យសន្យា ហើយមួលបង្កាច់ថា ប្រព័ន្ធនិងគោលនយោបាយខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនបាននាំមក នូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ពាណិជ្ជកម្មសកល។ ប៉ុន្តែ បើចង់យករបាយការណ៍ច្បាប់មួយមកបំភ្លៃការពិត នោះអាមេរិកគឺលេងកលល្បិចខុសឆ្គង ពីព្រោះកាពិតគឺច្បាស់លាស់ណាស់។

តើត្រូវវាយតម្លៃយ៉ាងម៉េចចំពោះសភាពការណ៍ អនុវត្តពាក្យសន្យារបស់ចិនដែលបានធ្វើក្នុងពេលចូលជា សមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក? អាមេរិកមិនមែនវាយតម្លៃប្រកបដោយសត្យានុម័ត អនុលោមតាមក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយក៏មិនបានចាត់ទុក «ពិធីសារស្តីពីចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» និង«របាយការណ៍នៃក្រុមការងារ ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ចិន» ជាស្តង់ដារ តែគឺបានកំណត់ស្តង់ដារដោយអញ្ញថាភាពរបស់ខ្លួន។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា បើមើលពីរបាយការណ៍របស់អាមេរិកអាចឃើញថា អាមេរិកបានកំណត់ស្តង់ដារគន្លឹះ សម្រាប់វាយតម្លៃចំពោះការអនុវត្តពាក្យសន្យារបស់ចិន ពោលគឺកែប្រែយ៉ាងជ្រះស្រឡះនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ របស់សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ព្រមទាំងតម្រូវឱ្យចិនធ្វើកំណែទម្រង់ចំពោះប្រព័ន្ធរបប តាមរយៈតម្រូវការរបស់អាមេរិក។ នេះអាចឃើញថា តាំងពីដើមមក របាយការណ៍របស់អាមេរិកច្បាប់នេះ ក៏មានចេតនាអាក្រក់ផងដែរ។

បើមើលពីខ្លឹមសារនៃរបាយការណ៍ឱ្យបានកាន់តែល្អិតល្អន់អាចឃើញថា អាមេរិកមិនអើពើទាំងស្រុងនូវវិធានការដែល ចិនបានចាត់ប្រើដើម្បីចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងការរីកចម្រើនយ៉ាងធំសម្បើមដែលប្រទេសចិនទទួលបាន ដូច្នេះ របាយការណ៍នេះគ្មានភាពអាចជឿទុកចិត្ត បានទាល់តែសោះ។ ត្រឹមតែនៅឆ្នាំ២០២៣ដែលទើបតែកន្លងផុតទៅ ប្រទេសចិនបានក្លាយជា ប្រទេសកំពុងអភិវឌ្ឍមុនគេបង្អស់ ដែលសម្រេចបាននូវការអនុម័ត «កិច្ចព្រមព្រៀងស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភកធនដល់មុខរបរនេសាទ» ចិនបានជំរុញឱ្យសម្រេចបាននូវកិច្ចចរចា អំពីលិខិតបទដ្ឋាននៃកិច្ចព្រមព្រៀង ស្តីពីភាពងាយស្រួលលើវិស័យវិនិយោគ បានជំរុញអង្គការពាណិជ្ជកម្មពិភពលោក ឱ្យបញ្ចប់យ៉ាងប្រាកដប្រជា នូវកិច្ចចរចាមួយចំនួនអំពីច្បាប់កំណត់ផ្នែកពាណិជ្ជកម្មឌីជីថល ដែលទទួលបានការកោតសរសើរខ្ពស់ពីបណ្តាភាគីនានា។ ចាប់តាំងពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមក កម្រិតទូទៅនៃពន្ធគយចិនបានបញ្ចុះពី១៥,៣ភាគរយ នាឆ្នាំ២០០១ មកនៅត្រឹម៧,៣ភាគរយនាឆ្នាំ២០២៣ កម្រិតគិតជាមធ្យមនៃពន្ធគយកសិផល បានទាបជាងរដ្ឋសមាជិកកំពុងអភិវឌ្ឍន៍ និងរដ្ឋសមាជិកអភិវឌ្ឍន៍ផ្សេងទៀតយ៉ាងច្រើន។

មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនបានជំរុញការបើកទូលាយ ចំពោះបរទេសដោយម្ចាស់ ការដែលមានកម្រិតលើសពីពាក្យសន្យារបស់ខ្លួន ព្រមទាំងបាននាំចូលដោយម្ចាស់ការ នូវប្រព័ន្ធបញ្ជីអវិជ្ជមាន ដែលមានភាពជឿនលឿនលើផ្ទៃអន្តរជាតិ ក៏ដូចជាបាន កាត់បន្ថយវិធានការរឹតត្បិត ចំពោះទុនបរទេសជាបន្តបន្ទាប់ផងដែរ។ ក្នុងរបាយការណ៍នេះ អាមេរិកក៏បានមួលបង្កាច់វិធានការពាណិជ្ជកម្ម ដ៏ត្រឹមត្រូវរបស់ចិនថា ជា "ការគំរាមកំហែងខាងសេដ្ឋកិច្ច" ព្រមទាំងចាត់ទុកវិធានការរបស់ចិនសម្រាប់ឆ្លើយតបនឹង ការគាបសង្កត់របស់អាមេរិក ជាទង្វើ “ផ្តាច់ទំនាក់ទំនងដោយម្ចាស់ការ”។ នេះគឺជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយ៉ាងកម្រោល តាមពិតទៅ នេះចំជាទង្វើរបស់អាមេរិកហ្នឹងឯង។

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេស ដែលចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ នៅចុងឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើសារលិខិតរាប់សិបច្បាប់ ទៅកាន់ពាណិជ្ជករអាមេរិកដែលបានផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុនSMIC ដោយតម្រូវឱ្យពួកគេផ្អាកការផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុន SMIC។ ក្រៅពីនេះ អាមេរិកបានប្រឌិតលេសគ្រប់បែបយ៉ាង ដើម្បីគាបសង្កត់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលមានកម្លាំងប្រកួតប្រជែងលើផ្ទៃអន្តរជាតិ ហើយបានដាក់បញ្ចូលសហគ្រាសចិន ចំនួនជាង១ពាន់ក្នុងបញ្ជីរាយឈ្មោះដាក់ទណ្ឌកម្មផងដែរ។ រដ្ឋាភិបាលអាមេរិកអនុវត្តការ "ផ្តាច់ទំនាក់ទំនង" លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាដោយគ្រប់ជ្រុងជ្រោយក្រោមលេស “សន្តិសុខជាតិ” តាមពិតទៅបានបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនមិនត្រឹមតែបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវពាក្យសន្យាដែលខ្លួនបានធ្វើ ក្នុងពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ជាងនេះទៅទៀតចិនជារដ្ឋសមាជិកដ៏ឆ្នើម ក្នុងការគាំពារក្បួនច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក និងជំរុញនវានុវត្តន៍ដ៏វិជ្ជមាន នៃប្រព័ន្ធរបបសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល ដូច្នេះចិនជាអ្នកអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។ មនុស្សមួយចំនួនតូចរបស់អាមេរិកធ្វើការវាយប្រហារទៅលើប្រទេសចិន មិនស្មើនឹងពិចារណាពីពីកំហុសរបស់ខ្លួនតែម្តង៕

វិទ្យុមិត្តភាពកម្ពុជាចិន