(ប៉េកាំង)៖ ថ្ងៃទី ១៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខក្រុង Munich និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាជាមួយប្រទេសចិន ព្រមទាំងផ្តល់បទសម្ភាសន៍នៅកន្លែងប្រជុំដោយច្រានចោល ពាក្យសម្តីខុសឆ្គងដែលថាចិនខ្លាំងហួសហេតុ នៅសមុទ្រចិនខាងត្បូង។

លោក Wang Yi បានថ្លែងថា ប្រជុំកោះសមុទ្រចិនខាងត្បូងជាទឹកដីចិនតាំងពីដើមមក។ ក្នុងទស្សវត្សរ៍ទី៦០ និង៧០នៃសតវត្សទី២០ ប្រទេសមួយចំនួនឈា្លនពានកាន់កាប់កោះ និងថ្មប៉ប្រ៉ះទឹកមួយចំនួនរបស់ប្រទេសចិន ប៉ុន្តែចិនបានរក្សាភាពអត់ធ្មត់រហូត ហើយប្រកាន់ខ្ជាប់នូវកិច្ចចរចា ដោយមេត្រីភាព ដើម្បីដោះស្រាយបញ្ហា តើចិនខ្លាំងហួសហេតុមកពីណា? ក្នុងឆ្នាំ២០០២ ប្រទេសចិនបានជំរុញឱ្យចុះហត្ថលេខាលើ «សេចក្ដីប្រកាសប្រតិបត្តិរបស់គ្រប់ភាគីសមុទ្រចិនខាងត្បូង» ដែលបានគាំពារយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន ពន្លឿនការពិគ្រោះពិភាក្សាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីឈានដល់បទប្បញ្ញត្តិ ក្នុងតំបន់ក្នុងពេលឆាប់ៗ។ នេះនឹងកាន់តែមានអំណោយផល ដល់ការគ្រប់គ្រងការខ្វែងគំនិត ស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងជំរុញកិច្ចសហប្រតិបត្តិការ។

លោក Wang Yi បានគូសបញ្ជាក់ទៀតថា ប្រទេសចិននិងប្រទេសអាស៊ានមានសមត្ថភាព និងតម្រិះប្រាជ្ញាសម្រាប់ឈានដល់ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងគាំពារសន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ព្រមនិងសេរីភាពនៃការធ្វើអាកាសចរណ៍ និងការហោះហើរ ជាមួយគ្នានេះដែរធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសដទៃក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន