(ម៉ានីល)៖ នាថ្ងៃអង្គារនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងម៉ានីល អំពីការដុតបញ្ឆេះឱ្យមានបញ្ហា មន្រ្តីយោធាហ្វីលីពីនម្នាក់ បានចេញមុខនិយាយថា ការធ្វើប្រតិបត្តិការល្បាតដែនអាកាសរួមគ្នា រវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក មានគោលដៅការពារទឹកដី ក៏ដូចជាផលប្រយោជន៍ជាតិរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមយន្តហោះចម្បាំងហ្វីលីពីន និងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក១គ្រឿង បានហោះហើររួមគ្នានៅលើផ្ទៃអាកាស​នៃសមុទ្រចិនខាងត្បូង ពោលគឺរយៈពេលត្រឹមជាង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ចំពោះមុខភាពតានតឹងជុំវិញបញ្ហាជម្លោះទឹកដី នៅក្នុងតំបន់សមុទ្រដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ។

លោក Xerxes Trinidad អ្នកនាំពាក្យយោធាហ្វីលីពីន បានលើកឡើងយ៉ាងដូច្នេះថា «វាមានគោលដៅពង្រឹងការធ្វើប្រតិបត្តិការរួមគ្នា រវាងកងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសពួកយើង នៅក្នុងកិច្ចការពារដែនដី សិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់យើង»។ ការលើកឡើងបែបនេះកើតមានឡើង បន្ទាប់ពីយោធាចិនបានចោទហ្វីលីពីនថា ដុតបញ្ឆេះបញ្ហាតាមរយៈ​ធ្វើសកម្មភាពល្បាតដែនអាកាសរួមគ្នា ជាមួយក្រុមប្រទេសនៅខាងក្រៅតំបន់ ហើយបំផុសបំផុលវាឡើង ដោយបើកចំហ។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយចិន បានធ្លាក់ដុនដាបខ្លាំង ក្នុងពេលប្រមាណជា១ឆ្នាំកន្លងទៅនេះ ស្របពេលទីក្រុងម៉ានីល ព្យាយាមពង្រីកទំនាក់ទំនងការពារជាតិ យូរអង្វែងមកហើយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ ហ្វីលីពីនពុំបានធ្វើសមយុទ្ធដែនអាកាស និងដែនសមុទ្ររួមគ្នាឡើយ នៅសមុទ្រចិនខាងត្បូងជាមួយអាមេរិក ក្រោមអាណត្តិអតីតប្រធានាធិបតី លោក Rodrigo Duterte ដែលបានគាំទ្រការបង្កើនទំនាក់ទំនងជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង ហើយចាត់ទុកការធ្វើសកម្មភាពយោធារួមគ្នាជាមួយទីក្រុងវ៉ាស៉ីនតោន ជាទង្វើបង្កហេតុ៕

រូបភាពពី AFP