(សិង្ហបុរី)៖ នាថ្ងៃអង្គារនេះ ប្រទេសសិង្ហបុរីបានចាប់ផ្តើមបើកព្រឹត្តិការណ៍ពិព័រណ៍ Airshow ឬពិព័រណ៍យន្តហោះធំបំផុតប្រចាំតំបន់អាស៉ី ដែលនឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមហ៊ុនលើសពី១,០០០ មកពីប្រទេសជាង៥០ បាននាំគ្នាមកចូលរួមក្នុងព្រឹត្តិការណ៍ Singapore Airshow ដែលផ្តោតលើពាណិជ្ជកម្ម និងយោធា ហើយតែងរៀបចំប្រារព្ធឡើងរៀងរាល់២ឆ្នាំម្តង។ ក្រុមហ៊ុនយន្តហោះធំៗ ដែលមានវត្តមាន គឺដូចជា Airbus, Boeing និង Lockheed Martin ដែលជារបស់អឺរ៉ុបនិងសហរដ្ឋអាមេរិក ព្រមទាំងក្រុមហ៊ុនចិនដែលជាដៃគូប្រកួតប្រជែង COMAC និង AVIC ជាដើម។

ចំណែកក្រុមហ៊ុនរុស្ស៉ីដូចជា Russian Helicopters និង Irkut ដែលធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំកន្លងៗមកនោះ គឺមិនបាន​មកចូលរួមឡើយនៅឆ្នាំនេះ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុមហ៊ុនអ៉ីស្រាអែល Israel Aerospace Industries និង Rafael Advanced Defense Systems ដែលមិនបានបង្ហាញខ្លួននៅពិព័រណ៍ Dubai Airshow កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយសារសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា បានមកចូលរួមនៅសិង្ហបុរី។

គួរបញ្ជាក់ថា ការហោះហើរបង្ហាញទស្សនីយភាព អំលុងពិព័រណ៍ខាងលើ នឹងត្រូវធ្វើឡើងដោយក្រុមយន្តហោះយោធា មកពីសិង្ហបុរី ឥណ្ឌា អូស្រ្តាលី ឥណ្ឌូណេស៉ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នាឱកាសនោះ ក៏នឹងមានការបង្ហាញវត្តមានលើកដំបូង នៃយន្តហោះដឹកអ្នកដំណើរចិន C919 របស់ក្រុមហ៊ុន COMAC នៅក្រៅទឹកដីប្រទេសចិន ផងដែរ៕

រូបភាពពី Reuters