(ណៃពិដោ)៖ ប្រភពពីមន្រ្តីយោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា របបសឹកនៃប្រទេសអាស៊ានមួយនេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត លើ​មន្រ្តីយោធាជាន់ខ្ពស់៣រូប ដែលបានទម្លាក់អាវុធចុះចាញ់ហើយបោះបង់ក្រុងយុទ្ធសាស្រ្តមួយ នៅព្រំប្រទល់ជាប់ប្រទេសចិន ឱ្យទៅក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច កាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីខែមករា ឆ្នាំ២០២៤នេះ កងកម្លាំងយោធាមីយ៉ាន់ម៉ារាប់រយនាក់ បាននាំគ្នាទម្លាក់អាវុធចុះរួចប្រគល់ក្រុងឈ្មោះ Laukkai ស្ថិតក្នុងរដ្ឋ Shan ឱ្យទៅសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Three Brotherhood Alliance បន្ទាប់ពីមានការប្រយុទ្ធ​តទល់គ្នាអស់រយៈពេលជាច្រើនខែ ដែលបានមើលឃើញខាងយោធាបាត់បង់ទឹកដីជាបន្តបន្ទាប់។ ការបោះបង់ក្រុងខាងលើ គឺជាការបាត់បង់ធំធេង​បំផុតមួយ សម្រាប់យោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍មកនេះ ហើយបានបង្កឱ្យមានការរិះគន់បន្ថែមទៀត លើថ្នាក់ដឹកនាំនៃ​របបយោធា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ខ្លួន។

ក្រោយទម្លាក់អាវុធចុះចាញ់ ក្រុមមន្រ្តីយោធាជាន់ខ្ពស់ទាំងនោះ និងពលទាហានរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះ។ ប្រភពពី​យោធាមីយ៉ាន់ម៉ា ដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបានកាលពីចន្ទសប្តាហ៍នេះ បានបង្ហើបឱ្យដឹងថា ឧត្តមសេនីយ៍ត្រី៣នាក់ ក្នុងនោះមានទាំងមេបញ្ជាការប្រចាំក្រុង Laukkai ផ្ទាល់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះ ឧត្តមសេនីយ៍ត្រី៣នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសឱ្យ​ជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងករណីបោះបង់ក្រុង Laukkai។

គួរបញ្ជាក់ថា Laukkai គឺជាក្រុងធំបំផុតដែលត្រូវដណ្តើមបានដោយសម្ព័ន្ធភាព Three Brotherhood Alliance ដែលរួមមាន​ចលនា Myanmar National Democratic Alliance Army (MNDAA), Arakan Army (AA) និង Ta'ang National Liberation Army (TNLA)។ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ទាំង៣នេះ បានរួមគ្នាឆ្មក់បើកការវាយប្រហារ​ទ្រង់ទ្រាយធំ នៅពាសពេញតំបន់ព្រំដែនភាគខាងជើងមីយ៉ាន់ម៉ា កាលពីចុងខែតុលា ឆ្នាំមុន ហើយកាន់កាប់បានក្រុងជាច្រើន រួមជាមួយ​មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមបណ្តោយព្រំប្រទល់ជាមួយចិន៕

រូបភាពពី AFP