(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់អំណោយជារថយន្ដមួយគ្រឿង ផលិតដោយរុស្ស៉ីជូនលោក គីម ជុងអ៊ុន ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងលើវិស័យជាច្រើនរាប់ចាប់ពីទេសចរណ៍ រហូតដល់យោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានបញ្ជាក់ថា «លោក គីម ជុងអ៊ុន ទទួលបានអំណោយរថយន្ដមួយគ្រឿងផលិតក្នុងប្រទេសរុស្ស៉ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនពីលោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៉ី»។ តាម KCNA ប្អូនស្រីបង្កើតរបស់លោក គីម គឺអ្នកនាង គីម យ៉ូជុង ក៏បាននិយាយដែរថាអំណោយនេះបង្ហាញ យ៉ាងច្បាស់ពីទំនាក់ទំនងជាពិសេសរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ តែមិនមានការបញ្ជាក់ពីម៉ាករថយន្ដនោះទេ។

ចាប់តាំងពីលោក គីម ជុងអ៊ុន កាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី ជាមួយការបើកទំព័រថ្មីនៃវិស័យទេសចរណ៍ដោយអ្នកទេសចររុស្ស៉ី មួយក្រុម បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីដើមខែកុម្ភៈនេះ ដើម្បីធ្វើដំណើរកម្សាន្តរយៈពេល៤ថ្ងៃ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមទេសចរបរទេសដំបូងបំផុតដែល បានធ្វើដំណើរកម្សាន្តនៅកូរ៉េខាងជើង ចាប់តាំងពីមុនពេលការបិទព្រំដែនទប់ស្កាត់កូវីដ១៩ ក្នុងឆ្នាំ២០២០។

ប៉ុន្តែ ក្រោយទស្សនកិច្ចនៅរុស្ស៉ីរបស់លោក គីម កាលពីខែកញ្ញា ឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ម្ដងហើយម្ដងទៀតថាកូរ៉េខាងជើងបានបញ្ជូនអាវុធ សម្រាប់ទីក្រុងមូស្គូ យកទៅប្រើក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ជាថ្នូរនឹងការជួយពីរុស្ស៉ីមកវិញ ជុំវិញការអភិវឌ្ឍកម្មវិធីផ្កាយរណបរបស់កូរ៉េខាងជើង។ តែទាំងមូស្គូ និងព្យុងយ៉ាង បានច្រោនចោលការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា របាយការណ៍មួយរបស់ UN កាលពីឆ្នាំ២០២១ បានឱ្យដឹងថាមានការព្យាយាមបញ្ជូនរថយន្ដប្រណិតជាច្រើនគ្រឿងមានតម្លៃលើស ១លានដុល្លារ ដែលត្រូវបាន រាយការណ៍នៅពេលនោះថាមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម បញ្ជូនទៅទៅកាន់ទីក្រុង Ningbo របស់ចិន ដើម្បីប្រគល់បន្តទៅឱ្យកូរ៉េខាងជើង។ ការនាំចូលរថយន្ដគឺជាទង្វើបំពាន លើទណ្ឌកម្មរបស់ UN ប្រឆាំងនឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង៕

រូបភាពពី Reuters