(បាងកក)៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានច្រានចោលចំពោះការលើកឡើងថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងប្រើ ឥទ្ធិពលរបស់លោកលើរដ្ឋាភិបាលថៃសព្វថ្ងៃ បន្ទាប់ពីលោកត្រូវបានដោះលែងចេញពីពន្ធនាគារមុនកំណត់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានថៃ The Nation។

លោក Phumtham បាននិយាយថាកាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈថាអ្នកដែលមានទស្សនៈយល់ឃើញ ឬមានការព្រួយបារម្ភបែបនេះគឺជាមនុស្សត្រាំត្រែងក្នុងអតីតកាល។ នៅពេលត្រូវបានសាកសួរថាតើលោក Thaksin នឹងជួយឱ្យគណបក្សភឿថៃកាន់តែរឹងមាំឬ? លោកបានឆ្លើយថាភឿថៃមានភាពរឹងមាំរួចទៅហើយ និងមានការប្ដេជ្ញាចិត្តក្នុងការ មើលថែប្រជាជន។ លោក Phumtham បន្ថែមថាភាពរឹងមាំរបស់គណបក្សភឿថៃ មិនមែនអាស្រ័យលើបុគ្គលណាម្នាក់នោះទេ។

គួរបញ្ជាក់ថា លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានឃុំខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើ មាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។

លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារមុនកំណត់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ តែបន្ទាប់ពីការដោះលែងនេះដែរ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ និងជាស្ថាបនិក អតីតគណបក្ស Thai Rak Thai ដែលក្រោយមកក្លាយជាគណបក្សភឿថៃសព្វថ្ងៃ ត្រូវបានគេជឿថាអាចនឹងបញ្ជា ឬមានឥទ្ធិពលលើសមាជិកស្នូលសំខាន់ៗមួយចំនួន នៅក្នុង គណបក្សភឿថៃ ក្នុងនោះរួមមានទាំងលោក Phumtham ផងដែរ។ លោក Phumtham ធ្លាប់ជាដៃស្ដាំរបស់លោក Thaksin អំឡុងអាណត្តិដឹកនាំប្រទេសរបស់លោក Thaksin៕

រូបភាពពី Reuters