(ប្រាស៊ីលីយ៉ា)៖ ការប្រៀបប្រដូចរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ថាប្រតិបត្តិការយោធារបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ដូចគ្នាទៅនឹងអំពើប្រល័យពូជសាសន៍ជនជាតិជ្វីហ្វរបស់ Adolf Hitler បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសទាំង២ ដោយប្រេស៊ីលកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅស្រុកវិញ កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ រីឯអ៉ីស្រាអែលប្រកាសចាត់ទុកលោក Lula ជាជនមិនត្រូវបានស្វាគមន៍ (persona non grata)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ជម្លោះការទូតរវាងអ៉ីស្រាអែល និងប្រេស៊ីល បានកើតឡើង បន្ទាប់ពីលោក Lula បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Addis Ababa ជាទីដែលចូលរួមកិច្ចប្រជុំកំពូលមួយរបស់ សហភាពអាហ្វ្រិកកាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ថាអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជាសង្រ្គាមនោះទេ តែគឺជាការប្រល័យពូជសាសន៍ ហើយបានប្រដូចទៅនឹងអំពើប្រល័យពូជសាសន៍ប្រព្រឹត្តដោយ Adolf Hitler ប្រឆាំងជនជាតិជ្វីហ្វ។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោក Lula បានដើរឆ្លងបន្ទាត់ក្រហម ហើយថារដ្ឋាភិបាលរបស់លោកបានកោះហៅឯកអគ្គរដ្ឋទូត ប្រេស៊ីលប្រចាំអ៉ីស្រាអែល ឱ្យចូលជួបរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz ក្នុងទីក្រុងហ្ស៊េរុយសាឡិម ជាទីដែលលោក Katz បានបញ្ជាក់ថាលោក Lula ត្រូវបាន ចាត់ទុកថាជាជនមិនត្រូវបានស្វាគមន៍។ «គាត់ (លោក Lula) ជាជនមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសអ៉ីស្រាអែល រហូតទាល់តែលោកដកការអត្ថាធិប្បាយរបស់លោក ទៅវិញ ​និងធ្វើការសុំទោស»។ នេះជាការកត់សម្គាល់របស់លោក Katz។

ប៉ុន្តែ ជាការឆ្លើយតប ក្រសួងការបរទេសប្រេស៊ីល បានកោះហៅឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រេស៊ីល ឱ្យចូលរួមក្នុងកិច្ចប្រជុំមួយក្នុងថ្ងៃដដែលនោះ និងបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុង Tel Aviv ត្រឡប់ទៅស្រុកវិញ ដើម្បីពិគ្រោះយោបល់។ ឯកអគ្គរដ្ឋទូតប្រេស៊ីលគ្រោងនឹងចាក់ចេញពីទីក្រុង Tel Aviv នៅថ្ងៃអង្គារសប្ដាហ៍នេះ។

គួរបញ្ជាក់ថា សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បានផ្ទុះឡើងក្រោយក្រុមហាម៉ាស បើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយសម្លាប់មនុស្ស១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាង២៤០នាក់ជាចំណាប់ខ្មាំង ដែលក្នុងនោះមាន១៣០នាក់កំពុងស្ថិតក្នុងដៃក្រុមហាម៉ាស នៅឡើយ និង៣០នាក់ ត្រូវបានសន្មត់ថាបានសម្លាប់។ ជាការសងសឹក អ៉ីស្រាអែលបានបើកធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ២៩,០៩២នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលជាស្ត្រី និងកុមារ៕

រូបភាពពី Reuters