(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albarez បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអេស្ប៉ាញនឹងដាក់ទណ្ឌកម្មឯកតោភាគី លើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សានៅតំបន់ West Bank ប្រសិនបើដៃគូសហភាពអឺរ៉ុបរបស់ខ្លួន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបាននិយាយថា ប្រទេសអេស្បាញ ដែលបានរិះគន់ផងដែរចំពោះការវាយលុកយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា នឹងជំរុញឱ្យមានការអនុម័តលើការដាក់ទណ្ឌកម្មបែបនេះ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍នេះ។

លោក Albarez បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំ យ៉ាងដូច្នេះថា «ប្រសិនបើគ្មានការព្រមព្រៀងគ្នាទេ អេស្ប៉ាញនឹងឆ្ពោះទៅមុខជាឯកតោភាគី ក្នុងការដាក់ទណ្ឌកម្មទាំងនេះ ប្រឆាំងនឹងអ្នកតាំងលំនៅដោយហិង្សា (នៅតំបន់ West Bank)»។

រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Michael Martin ក៏បាននិយាយនៅថ្ងៃចន្ទនេះផងដែរថា លោកសង្ឃឹមថា បណ្តាប្រទេសសហភាពអឺរ៉ុប នឹងយល់ព្រមជាឯកច្ឆ័ន្ទចំពោះទណ្ឌកម្មទាំងនេះ។

កាល​ពី​សប្តាហ៍​មុន អាជ្ញាធរ​បារាំង​បាន​រារាំង​អ្នក​តាំង​លំនៅ​របស់​អ៊ីស្រាអែលចំនួន ២៨ នាក់​ មិន​ឲ្យ​ចូល​ក្នុង​ប្រទេសដោយ​ចោទ​ប្រកាន់​ពួកគេ​ថា ​បាន​វាយ​ប្រហារដោយហិង្សាលើ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank ដែល​កាន់កាប់។

តួលេខរបស់អង្គការសហប្រជាជាតិបង្ហាញថា ការវាយប្រហារពីសំណាក់អ្នកតាំងលំនៅប្រចាំថ្ងៃ បានកើនឡើងទ្វេដងចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា និងការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន។ ខណៈពេលដែលការយកចិត្តទុកដាក់របស់សហគមអន្តរជាតិ ផ្តោតលើសង្គ្រាមនៅតំបន់ហ្គាហ្សា មន្ត្រីអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង នៃអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank ផងដែរ៕

រូបភាពពី AFP